សម្តេច ហ៊ុន សែន ដាក់ចេញទិសដៅយុទ្ធសាស្ត្រសំខាន់ ៤ដល់ក្រសួងមហាផ្ទៃបន្តធ្វើឲ្យបាន

  • 2020-02-21 01:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និង​វាយតម្លៃ ខ្ពស់​ចំពោះ​កងកម្លាំង និង​មន្រ្តី​រាជការ​ទាំង​អស់​នៃ​ក្រសួង​មហាផ្ទៃ​ដែល​បាន​ប្រឹង​ប្រែង​បំពេញ​ការងារ​ប្រកប​ដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ និង​សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ២០១៩ កន្លង​មក​នេះ។

សម្ដេច​ក៏​បាន​បន្ត​ថា ដើម្បី​លើក​កម្ពស់​ប្រសិទ្ឋិភាព​ការងារ​ប្រកបដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ឆ្នាំថ្មី​ជា​បន្ត​នេះ និង​បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤ ដែល​ត្រូវ​ខិត​ខំ​ពុះពា​សម្រេច​ឱ្យ​បាន​គឺ៖

ទី១) បន្តប្តូរផ្តាច់ការពារ និងថែរក្សាឱ្យបាននូវសុខសន្តិភាព, ឯករាជ្យភាព, អធិបតេយ្យជាតិ និង​បូរណ​ភាពទឹកដី, សន្តិសុខសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រម​ទាំង​លើក​ស្ទួយ​នូវ​សិទ្ធិ​សេរីភាព​គ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។

ទី២) បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាម​រយៈ​ការ​ធានា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និង​ការ​កសាង​ភាព​សុខដុម​រមនា​ជា​មួយ​គ្រប់​ជាតិសាសន៍ នៅក្នុងសង្គមជាតិទាំងមូល។

ទី៣) បន្តអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ពីការអនុវត្ត និងការប្រើប្រាស់សិទ្ធិសេរីភាព តាម​រយៈ​ការ​រួម​គ្នា​ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមឤស្រ័យរដ្ឋធម្មនុញ្ញ និង ប្រព័ន្ធនយោបាយនៅកម្ពុជា។ ត្រូវពង្រឹងនិង ជំរុញការអនុវត្តច្បាប់ឱ្យបានហ្មឺងម៉ាត់ និងស្មើភាពគ្នា ។

ទី៤) លើកកម្ពស់ប្រសិទ្ធភាពនូវការកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ស្របតាមបាវចនា «កែ​ទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុស​ក្អែល, ព្យាបាល និងវះកាត់»។

សម្តេចក៏បាន​ សង្ឃឹម​ថា​អង្គសន្និបាត​ទាំង​មូល​នឹង​អនុវត្ត​ប្រក​បដោយ​ភាព​ជោគជ័យ​នូវ​ទិស​ដៅ​ការងារ និង​គោលការណ៍​សំខាន់ៗ​ជា​ច្រើន​ទៀត​របស់​ក្រសួង​មហាផ្ទៃ​ដើម្បី​នាំ​មក​នូវ​ជោគជ័យ​ថ្មីបន្ថែម​ទៀត​ជូន​ជាតិនិងប្រជាពលរដ្ឋ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;