ជប៉ុន នឹងបន្តជួយកម្ពុជា លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និងលទ្ធិប្រជាធិបតេយ្យ
- 2020-03-16 07:09:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន នឹងបន្តជួយកម្ពុជា លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និងលទ្ធិប្រជាធិបតេយ្យ
ចន្លោះមិនឃើញ
លោក ISHIKAWA Hiroshi អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេសជប៉ុន និងជាជំនួយការ រដ្ឋមន្រ្តីការបរទេសជប៉ុន បានថ្លែងបញ្ជាក់ថា ជប៉ុននឹងបន្តជួយកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជានយោបាយ ព្រមទាំងដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ។
ការថ្លែងខាងលើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លើយតបថា លោកនឹងទៅចូលរួមកិច្ចប្រជុំទាំងពីរ គឺមានវេទិកាអាស៊ីប៉ាស៊ីហ្វិក ស្តីពីបញ្ហាទឹក និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ។
លោកបានបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកម្ពុជា ជប៉ុន មានសារសំខាន់ និងជម្រុញអោយប្រទេសទាំងាំងពីរមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។
លោក ISHIKAWA Hiroshi បានរម្លឹកថា កាលពីឆ្នាំ១៩៩០ លោកធ្លាប់មកកម្ពុជាម្តង ដែលពេលនោះកម្ពុជាទើបរួចពីសង្គ្រាម និងវិបត្តិផ្សេងៗ។ ហើយនៅពេលលោកមកកម្ពុជាលើកនេះ គឺកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំង រួមទាំងាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ចកិច្ច ក៏ដូចជាស្ថិរភាពផ្នែកនយោបាយ ដោយប្រជាជនកម្ពុជារស់នៅសប្បាយរីករាយ និងមានជីវភាពធូរធារ។
ចំណែកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកលោក ISHIKAWA Hiroshi អគ្គនាយក នៃអគ្គនាយកដ្ឋាន កិច្ចការអាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេសជប៉ុន និងជាជំនួយការ រដ្ឋមន្រ្តីការបរទេសជប៉ុន ដែលបានដឹកនាំគណៈប្រតិភូមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីជាមួយក្រសួងការបរទេសកម្ពុជា។
លោក ប្រាក់ សុខុន បានលើកឡើងពីកិច្ចពិភាក្សាកន្លងមកជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជំរុញឲ្យទំនាក់ទំនងកម្ពុជា-ជប៉ុន មានលក្ខណៈកាន់តែរឹងមាំបន្ថែមទៀត។ រហូតមកដល់ពេលនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានកើនឡើងជាលំដាប់ ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជាបន្តបន្ទាប់៕