មិន​សម្ងំ​សុខ​ទេ! Zlatan ចាប់​ផ្ដើម​ចេញ​ជួយ​មនុស្ស​ប្រឆាំង​កូរ៉ូណា

  • 2020-03-19 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​របស់ AC Milan កីឡាករ Zlatan Ibrahimovic បាន​​ចាប់ផ្ដើមចេញជួយមនុស្សតាមរយៈ បង្កើត​កម្មវិធី​រៃអង្គាស​ប្រាក់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​វីរុស​រាតត្បាត​កូរ៉ូណា និង​អំពាវនាវ​​ឱ្យ​​កីឡាករ​បាល់ទាត់​ផ្សេង​ទៀត រួមគ្នាជួយ​កម្ចាត់​វីរុស​នេះ​ចេញ​។ ​

BBC បង្ហាញ​ថា អតីត​កីឡាករ Man Utd រូប​នេះ បាន​​បរិច្ចាគ​​ប្រាក់​ក្នុង​​ទំហំ​ទឹកប្រាក់ ៥ម៉ឺន​អឺរ៉ូ ២​លើក​រួច​មក​ហើយ​។

កីឡាករ​សញ្ជាតិ​ស៊ុយអែត បាន​ឱ្យ​ដឹង​តាម​បណ្ដាញ​សង្គម Instagram ថា ៖«អ៊ីតាលី​បាន​​​ផ្ដល់​អ្វីៗ​ឱ្យ​ខ្ញុំ​ច្រើន​ណាស់។ ក្នុង​កាលៈទេសៈ​នេះ ខ្ញុំ​ត្រូវ​សងគុណ​ប្រទេស​ដែល​ខ្ញុំ​ស្រលាញ់​មួយ​នេះ​វិញ»។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រូប​គេ បាន​ពឹង​ពាក់​លើ​មិត្ត​រួម​ក្រុម អត្តពលិក​​អាជីព​ទាំង​អស់ ដែល​ចង់​បរិច្ចាគ​ទ្រង់ទ្រាយ​តូចធំ តាម​ដែល​ពួកគេ​​អាច​ធ្វើ​បាន​ ដើម្បី​លុប​បំបាត់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​​។

Zlatan បន្ថែម​ថា៖ «រួបរួម​​ទាំង​អស់​គ្នា យើង​អាច​ជួយ​មន្ទីរ​ពេទ្យ វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា ដែល​ជួយ​សង្គ្រោះ​ជីវិត​ប្រចាំ​ថ្ងៃ។ ​ថ្ងៃ​នេះ​យើង​រួម​ជា​ធ្លុង​មួយ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួកគេ។ តោះ! អ្នក​ទាំង​អស់​គ្នា ទាត់​កូរ៉ូណា​ទៅ​ឱ្យ​ឆ្ងាយ ហើយ​យើង​នឹង​ឈ្នះ​ការប្រកួត​នេះ»។

ត្រឹម​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​បង្ហោះ​លើ Instagram ​រូបគេ​​ទទួល​បាន​ប្រាក់​ជំនួយ​ ១០០ ៩៩៩ ផោន។ ក្នុង​ប្រយោគ​ចុងក្រោយ​នៃ​ការ​បង្ហាញ ​Zlatan សរសេរ​​ថា ត្រូវ​ចាំ​ណា! បើ​វីរុស​មិន​ទៅ​រក​ Zlatan ទេ Zlatan នឹង​ទៅ​រក​វីរុស​នេះ​វិញ»។ ​​ អ៊ីតាលី​បាន​ក្លាយ​ជា​ប្រទេស​មួយ​នៅ​លើ​ពិភព​លោក ​រងគ្រោះ​ដោយ​ជំងឺ​រាតត្បាត​កូរូណា អាក្រក់​បំផុត​បន្ទាប់​ពី​ប្រទេស​ចិន។ បើ​តាម​តួលេខ​ចុងក្រោយ ដែល​ផ្សាយ​លើ​គេហទំព័រ Worldometer ប៉ុន្មាន​ម៉ោង​មុន​នេះ មាន​មនុស្ស ៣៥ ៧១៣ នាក់​បាន​ឆ្លង​វីរុស​​កូរ៉ូណា មនុស្ស 2978 បាន​ស្លាប់ និង​ មនុស្ស ៤០២៥ នាក់​បាន​ជា​សះស្បើយ។ បើ​តាម​ BBC ក្នុង​១​ថ្ងៃ​ប្រទេស​នេះ មាន​មនុស្ស ៤៧៥ នាក់ ស្លាប់​ដោយ​កូរ៉ូណា ខណៈ​តំបន់​ Lombardy ភាគខាង​ជើង​ប្រទេស ​រងគ្រោះ​ខ្លាំង​ជាងគេ គឺ​មាន​អ្នក​ស្លាប់ ៣១៩នាក់​​ក្នុង​១ថ្ងៃ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី
;