សម្តេច ស ខេង ដឹកនាំកិច្ចប្រជុំធ្វើសេចក្តីព្រាងច្បាប់ចំនួនពីរ

  • 2020-04-09 03:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំក្រុមការ​ងារធ្វើសេចក្តីព្រាងច្បាប់ចំនួនពីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធនានា មន្រ្តីជំនាញផ្នែកច្បាប់ ប្រធាន អនុប្រធាន សមាជិកនៃក្រុមការងាររៀបចំតាក់​តែង​សេចក្តីព្រាងច្បាប់ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។ កិច្ចប្រជុំនេះ​ធ្វើ​ឡើងកាលពីថ្ងៃទី កាលពីថ្ងៃទី៨ ខែមេសា នៅទីស្ដីការក្រសួងមហាផ្ទៃ។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា សេចក្ដីព្រាងច្បាប់ទាំងពីរនោះរួមមានៈ សេចក្តីព្រាង​ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ សេចក្តីព្រាង​ច្បាប់​ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ គឺមានគោលបំណងធានាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ហើយសេចក្តីព្រាងច្បាប់នេះ មានគោលដៅកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ សេចក្តីព្រាងច្បាប់នេះមានវិសាលពភាពអនុវត្តចំពោះរាល់សកម្មភាព​ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរចំពោះក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ដែលបានខិតខំសិក្សាស្រាវជ្រាវចងក្រងធាតុចូលនានារហូតសម្រេចបានជាសេចក្តីព្រាងមួយដ៏ឥតខ្ចោះ ដែលដឹកនាំដោយលោក ងី ច័ន្រ្ទផល។ កិច្ចប្រជុំនាពេលនេះគឺដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការរីក​សាយ​ភាយ​ហិរញ្ញប្បទានអាវុធមហាប្រល័យ។ សេចក្តីព្រាងច្បាប់នេះគឺមានគោលបំណងនឹងបញ្ចប់នៅមុនខែឧសភា ឆ្នាំ២០២០ឆាប់ៗខាងមុខ។

ចំណែកលោក ងី ច័ន្រ្ទផល ប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ ក៏បានធ្វើសេចក្តីរាយការណ៍ពីសាវតានៃការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះថា ប្រទេសកម្ពុជាបានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ី​ហ្វីក ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ហើយក្នុងនេះប្រទេសកម្ពុជា ត្រូវអនុវត្តតាមអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលទាក់ទងទៅនឹងការតាមដាន និងលុបបំបាត់ការសម្អាតប្រាក់ ក៏ដូចជាការប្រឆាំងហិរញ្ញប្បទានភេរវកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វីកផងដែរ។

លោកបានបន្ថែមថា នៅឆ្នាំ២០១០ កម្ពុជាក៏ទទួលបានអនុសាសន៍ពីក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATE)ថា កម្ពុជានៅមានចំណុចខ្វះខាតជាយុទ្ធសាស្រ្តមួយចំនួនលើការងារការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលមិនទាន់បានស្របតាមស្តង់ដារអន្តរជាតិ និងបានផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលកម្ពុជា គួរមានការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិ ដើម្បីអនុវត្តការដាក់ទណ្ឌកម្មហិរញ្ញវត្ថុគោលដៅ ប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធ ក៏ដូចជាក្នុងការអនុវត្តវិធានការនានា។

លោកបានបញ្ជាក់ថា តាមរយៈអនុសាសន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកមកសិក្សាពិចារណា និងបានសម្រេចបង្កើតគណៈកម្មការក្រុមការងាររៀបចំតាក់តែងបង្កើតច្បាប់ថ្មី គឺស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ ដើម្បីឱ្យសមស្របតាមគោលការណ៍អនុវត្តយុទ្ធសាស្រ្តរបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វីក លើការងារការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ។

យោងតាមប្រកាសស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានឲ្យដឹងថា ការសំអាតប្រាក់មានន័យថា៖ ការបំប្លែង ឬការផ្ទេរទ្រព្យសម្បត្តិដោយដឹងថាទ្រព្យសម្បត្តិនេះជាផលនៃបទល្មើសក្នុងគោលបំណងបិទបាំង ឬក្លែងប្រភពដើមមិនស្របច្បាប់នៃទ្រព្យសម្បត្តិទាំងនេះ ឬជួយបុគ្គលណាដែលបានពាក់ព័ន្ធកក្នុងបទល្មើសដើម្បីឲ្យបុគ្គលនោះគេចផុតពីផលវិបាកតាមច្បាប់នូវសកម្មភាពរបស់ខ្លួន។ ហិរញ្ញប្បទានភេរវកម្ម គឺជាការផ្តល់ដោយចេតនាសេវាហិរញ្ញវត្ថុ ឬសេវាផ្សេងទៀត ក្នុងគោលបំណងប្រើប្រាស់សេវានេះ ឬដោយដឹងថាមូលនិធិនេះនឹងត្រូវបាន ឬអាចប្រើទាំងមូល ឬមួយផ្នែកសម្រាប់គាំទ្រភេរវកម្ម សកម្មភាពរបស់ភេរវករ ឬអង្គការចាត់តាំងរបស់ភេរវកម្ម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;