នៅកូរ៉េ ពេលមានករណីជំងឺកូវីដ១៩ថ្មី ពលរដ្ឋនឹងទទួលបានដំណឹងតាមទូរសព្ទភ្លាមៗ

  • 2020-04-13 01:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ដើម្បី​ទប់​ទល់​នឹង​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​រិះរក​ដំណោះ​ស្រាយ​ជា​ច្រើន​​ដែល​មាន​ដូច​ជា​បង្កើន​ចំនួន​ធ្វើ​តេស្ត​​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​មួយ​ថ្ងៃ និង​បង្កើត​ប្រព័ន្ធ​​ផ្ដល់​ដំណឹង​ដល់​ពលរដ្ឋ​អំពី​​ករណី​ជំងឺ​កូវីដ​១៩​ថ្មី​ជា​ដើម។

​កូរ៉េ​ខាង​ត្បូង​ជា​អ្នក​ចាប់​ផ្ដើម​មុន​គេ​​ក្នុង​ការ​ប្រើ​ប្រាស់​វិធីសាស្ត្រ​ចាប់​ទីតាំង​របស់​ពលរដ្ឋ​តាម​រយៈ​ទូរសព្ទ​របស់​ពួក​គេ ដើម្បី​បង្កើត​ជា​កម្មវិធី​​ផែនទី​មួយ​សម្រាប់​កូវីដ​១៩។ ពលរដ្ឋ​នឹង​ទទួល​បាន​សារ​ជា​ដំណឹង​ នៅ​ពេល​ឆ្ពោះ​ទៅ​ដល់​ទីតាំង​ណា​មួយ​ដែល​មាន​អ្នក​ឆ្លង​កូវីដ​១៩​បាន​ទៅ​ដល់។ រដ្ឋាភិបាល​កូរ៉េ​ក៏​នឹង​ផ្ញើ​សារ​ជា​បន្ត​បន្ទាប់​ដល់​ពលរដ្ឋ​ នៅ​ពេល​មាន​ករណី​​ឆ្លង​ថ្មី ដោយ​​មាន​ប្រាប់​អំពី​ទី​កន្លែង​ដែល​អ្នក​ឆ្លង​ថ្មី​បាន​ទៅ​ដល់ និង​អ្នក​ដែល​​គេ​ធ្លាប់​មាន​ទំនាក់ទំនង​ជា​មួយ​ទៀត​ផង។

កម្មវិធី​ផែនទី​របស់​កូរ៉េ​គឺ​មាន​ផ្ដល់​ព័ត៌មាន​ជាក់​លាក់​តែ​ម្ដង ដូច​ជា​​ការ​ផ្ញើ​សារ​​ប្រាប់​ថា "​អ្នក​ផ្ទុក​កូវីដ​១៩​ម្នាក់ បាន​​មាន​វត្តមាន​នៅ​ហាង​ខារ៉ាអូខេ Magic Coin នៅ Jayang-dong នៅ​ពាក់​កណ្ដាល​យប់​នា​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ" និង​ "មាន​ស្ត្រី​វ័យ​ខ្ទង់ ៦០ ឆ្នាំ​ម្នាក់​បាន​តេស្ត​វិជ្ជមាន​កូវដី​១៩។ ចុច​លើ​តំណ​ភ្ជាប់​នេះ​ដើម្បី​មើល​នូវ​ទីតាំង​ដែល​ស្ត្រី​រូប​នេះ​ធ្លាប់​ទៅ​ដល់ មុន​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​” ជា​ដើម។

ក្រៅ​ពី​ការ​រួម​ចំណែក​របស់​រដ្ឋាភិបាល​ អ្នក​បង្កើត​កម្មវិធី​មួយ​ចំនួន ក៏​បាន​ចូល​រួម​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ ដោយ​បាន​បង្កើត​កម្មវិធី ដែល​អាច​ឲ្យ​​អ្នក​ប្រើ​ប្រាស់​ដឹង​​ព័ត៌មាន​អំពី​​វីរុស​កូរ៉ូណា និង​ទីតាំង​ដែល​កើត​មាន​វីរុស​នេះ។​​

ជាក់​ស្ដែង​ដូច​ជា​កម្មវិធី Corona 100m បាន​ដាក់​ដំណើរ​ការ​នៅ​​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ហើយ​មក​ទល់​ពេល​នេះ​មាន​ចំនួន​ទាញ​យក​ដល់​ជាង ១ លាន​ដង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNN Business។

កម្មវិធី​នេះ​ប្រមូល​ទិន្នន័យ​ពី​រដ្ឋបាល​សាធារណៈ​ រួម​មាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជម្ងឺ​ឆ្លង​របស់​កូរ៉េ ដើម្បី​បង្ហាញ​អំពី​កាល​បរិច្ឆេទ​ដែល​អ្នក​ជំងឺ​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា រួម​ជា​មួយ​សញ្ជាតិ អាយុ ភេទ និង​ទី​កន្លែង​ដែល​គេ​បាន​ទៅ​ដល់​ផង​ដែរ។

ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​កម្មវិធី​នេះ​ស្ថិត​នៅ​ចម្ងាយ​ ១០០ ម៉ែត្រ​ ពី​ទី​កន្លែង​ដែល​មាន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​បាន​ទៅ​ដល់​នោះ គេ​នឹង​ទទួល​បាន​ការ​ឲ្យ​ដំណឹង​ (Notification) ព្រមាន​តែ​ម្ដង ដែល​ដូច​ជា​ឈ្មោះ​របស់​កម្មវិធី​នេះ​អ៊ីចឹង។

អ្នក​បង្កើត​កម្មវិធី​នេះ​ដែល​មាន​ឈ្មោះ Bae Won-Seok និយាយ​ថា​កម្មវិធី​នេះ​បន្ត​រីក​ធំ ដោយ​រៀង​រាល់​មួយ​ម៉ោង​មាន​ការ​ទាញ​យក ២ ម៉ឺន​ដង ហើយ​ពេល​ខ្លះ​គាំង​ដោយ​សារ​មាន​ចំនួន​ទាញ​យក​ច្រើន​ពេក៕​​​​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;