ក្រោយធ្វើតេស្ត កងទ័ពចិន-កម្ពុជា ដែល​ចូលរួមលំហាត់សមយុទ្ធនាគមាស ពុំមានជំងឺកូវីដ-១៩នោះទេ

  • 2020-04-22 01:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ពរំដោះប្រជាជនចិនដែលមកចូលរួមលំហាត់សមយុទ្ធនាគមាស បានធ្វើដំណើរដល់ប្រទេសចិនចំនួន ២០ថ្ងៃហើយ និងបានប្រកាសថា កងទ័ពទាំងអស់ដែលបានធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ គឺពុំមានជំងឺកូវីដ-១៩នោះទេ។ ចំណែកភាគីកងទ័ពកម្ពុជា ពិសេសកងកម្លាំងនៃកងពលតូចលេខ៧០ ក៏មិនមានអ្នកណាម្នាក់ឆ្លងវីរុសនេះដែរ ក្នុងពេលធ្វើសមយុទ្ធរួមគ្នា។ ការប្រកាសនេះ គឺក្រោយពេលនៅដាច់ដោយឡែកចំនួន១៤ថ្ងៃនិងធ្វើតេស្តចំនួន៦ថ្ងៃមកហើយ។

សូមជំរាបថា ក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នានោះ កងពលតូចលេខ៧០ បានចាត់វិធានការយ៉ាងតឹងរឹងក្នុងការចេញចូលបរិវេណទីតាំងទាំង២ គឺសាលាហ្វឹកហ្វឺនតេជោសែនជុំគិរីរបស់កងពលតូលលេខ៧០ និងបញ្ជាការដ្ឋានកងពលនៅភ្នំពេញ ពិសេសគឺការបាញ់ថ្នាំសម្លាប់មេរោគ តាម គោល ដៅ ដែលថ្នាំមួយចំនួនគឺទទួលបានពីខាងភាគីចិន និងបានអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ ក្នុងការបង្ការជំងឺកូវីដ - ១៩ នេះ។

បើតាមភាគីមិត្តចិនបានបញ្ជាក់ថា លទ្ធផលដែលបង្ហាញអំពីការមិនឆ្លងជំងឺរវាងកង ទ័ពនៃប្រទេសទាំង២នេះ គឺជាជោគជ័យមួយដ៏ធំធេង ពោលគឺមិនត្រឹមតែជោគជ័យលេីការហ្វឹកហាត់ជំនាញប្រឆាំងអំពើភេវរកម្មរួមគ្នានោះទេ ប៉ុន្តែក៏ជាជោគជ័យនៃការការពារ និងថែទាំសុខភាពជាមួយគ្នាបានយ៉ាងល្អ ក្នុងនាមជាមិត្តផងដែរ ដោយក្នុងនោះមានកងពលតូចលេខ៧០ ជាអ្នកទទួលធានាការពារការពារក្នុងទីលានសមយុទ្ធនៅសាលាតេជោសែនជុំគិរី និងនៅបញ្ជាការដ្ឋានកងពលនៅភ្នំពេញ។

គួរបញ្ជាក់ថា តាមការចង្អុលបង្ហាញពីសម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីជំនាញទាំងថ្នាក់ជាតិ និងអន្តរជាតិ កម្ពុជាបានប្រតិបត្តិយ៉ាងតឹងរ៉ឹងនូវវិធានការសុវត្ថិភាពដើម្បីការពារសុខភាពបងប្អូនកងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបាននូវការមិនឆ្លងជំងឺរាតត្បាតកូវីដ - ១៩ នេះ ខណៈដែលប្រទេសកម្ពុជា និងចិន ក៏ដូចជាបណ្ដាប្រទេសជាច្រើននៅក្នុងសកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;