លោក កើត រិទ្ធ បំភ្លឺជូន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លើ​ច្បាប់​ស្តីពីការ «គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិតក្នុងភាព​អាសន្ន»

  • 2020-04-24 06:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាតំណាងរាជរដ្ឋាភិបាល អមដោយសហការី នៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមឆ្លើយបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ នាវិមានចំការមន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

រូបថត៖ ក្រសួងយុត្តិធម៌
ការចូលឆ្លើយបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធធម៌ គឺបន្ទាប់ពីរដ្ឋសភាជាតិបានញ្ជូនសេចក្តីព្រាងច្បាប់ "ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន" ទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី ២០ខែមេសា ឆ្នាំ២០២០ ដើម្បីពិនិត្យធម្មនុញ្ញភាព។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ ហើយព្រឹទ្ធសភាអនុម័តកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់ [ខ្លីៗ] ថា ការចូលបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជូនក្រុមប្រឹក្សាធម្មនុញ្ញ គឺជាដំណើរការនៃការតាក់តែងច្បាប់ជាទូទៅ ប៉ុន្តែក្រោយសភានិងព្រឹទ្ធសភាបានអនុម័តរួចច្បាប់នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យធម្មនុញ្ញភាពនៃច្បាប់នេះ។

រូបថត៖ ក្រសួងយុត្តិធម៌

លោកបញ្ជាក់ថា មុននឹងក្រុមប្រឹក្សាធម្មនុញ្ញធ្វើការពិនិត្យសម្រេច ក្រុមប្រឹក្សាធម្មនុញ្ញត្រូវការបំភ្លឺឬការបកស្រាយទៅលើចំណុចមួយចំនួនពីតំណាងរាជរដ្ឋាភិបាលដែលជាក្រសួងយុត្តិធម៌ ហើយកាលពីព្រឹកថ្ងៃទី ២៤ ខែមេសា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំសហការីធ្វើការបំភ្លឺទៅលើខ្លឹមសារនៃច្បាប់ពាក់ព័ន្ធដល់ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុង​ភាពអាសន្នជូនដល់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបន្តថា បន្ទាប់ពីនេះ ទៅក្រុមប្រឹក្សាធម្មនុញ្ញនឹងរៀបចំកិច្ចប្រជុំពេញអង្គរបស់ខ្លួនដើម្បីសម្រេចថាតើច្បាប់នឹងគឺស្របទៅនឹងរដ្ឋធម្មនុញ្ញឬមិនស្រប។

យោងតាមសេចក្តីព្រាងច្បាប់ «ស្តីពីកាគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រង់មាត្រា១.

គោលបំណងៈ ច្បាប់នេះកកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅពេលប្រជាជាតិប្រឈមនឹងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះ ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិនិងបរិស្ថាន។

មាត្រា២.

វិសាលភាពៈ ច្បាប់នេះមានវិសាលភាពអនុវត្តនៅពេលដែលប្រទេសជាតិត្រូវបានដាក់ស្ថិតក្នុងស្ថានភាពអាសន្នស្របតាមមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា៣.

បែបបទ និងនីតិវិធី នៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នៈ ៖ នៅពេលប្រទេសជាតិប្រឈមមុខគ្រោះថ្នាក់ ព្រះមមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។ ការប្រកាសដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន អាចធ្វើឡើងសម្រាប់ថេរវេលាមានកំណត់ ឬសម្រាប់ថេរវេលាមិនកំណត់។

ការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នសម្រាប់ថេរវេលាមិនកំណត់ ត្រូវបញ្ចប់ដោយព្រអរាជក្រឹត្យនៅពេលសភាពការណ៍អនុញ្ញាត។

មាត្រា៤.

លក្ខខណ្ឌ នៃការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគម្រាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ "ស្តីពីកាគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន " មាន៥ជំពូក និងមាន ១២មាត្រា៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ សំភី

អត្ថបទថ្មី
;