ទៅលេង​ខេត្តកំពត ប្រយ័ត្ន​អត់ដឹងថា​ខេត្តនេះ​មានប្រាសាទមួយ​សង់​តាំងពី​សម័យ​នគរភ្នំ

  • 2020-05-05 06:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំឈ្ងោក គឺជារមណីយដ្ឋានប្រវត្តិសាស្រ្តដែលបន្សល់ទុកពីសម័យនគរភ្នំ។ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ភ្នំឈ្ងោកមានចំងាយជាង ៥គីឡូម៉ែត្រពីបឹងប្រទាក់ក្រឡា ឬប្រមាណ ១៣គីឡូ ម៉ែត្រពីទីរួមខេត្តកំពត។

នៅចំកណ្ដាលគុហាដ៏ធំនៃភ្នំនេះ មានសំណង់ស្ថាបត្យកម្មប្រាសាទមួយសង់ឡើងអំពីឥដ្ឋរាងតូចល្មម សង់ព័ទ្ធជុំវិញលិង្គធម្មជាតិដុះចេញពីថ្មកំបោរ និងមានការសង់បន្ថែមទម្រយោនី ដោយកំណត់ថាជា សិវលិង្គតាមជំនឿព្រហ្មសាសនា។ កាន់តែអស្ចារ្យ នៅពីលើសិវលិង្គនោះ ត្រូវបានប្រោះព្រំដោយដំណក់ទឹកយ៉ាងត្រជាក់ដូចទឹកកក ស្រក់ច្រោះតាមរយៈថ្មកំបោរដែលដុះចំពីលើកំពូលប្រាសាទ។ ចំណុចគួរឲ្យចាប់អារម្មណ៍នៃប្រាសាទភ្នំនេះ គឺត្រូវបានកសាងឡើងតាំងពីសតវត្ស​ទី៦ ម្ល៉េះ។ នេះបើយោងតាមការស្រាវជ្រាវរបស់លោកបណ្ឌិត មីសែល ត្រាណេ អ្នកបុរាណវិទូជនជាតិខ្មែរ។

ក្រៅពីសំណង់ប្រាសាទដ៏គួរឲ្យស្ញប់ស្ញែង ផ្នែកខាងក្នុងនៃភ្នំឈ្ងោកមានបង្កប់ប្រព័ន្ធល្អាងជាច្រើន ដែលមានសភាពប្លែកៗពីគ្នា ហើយល្អាងខ្លះបានក្លាយជាទីជម្រករបស់សត្វប្រចៀវរ់នៅ។ ដើម្បីទៅកាន់ល្អាងនីមួយៗ អ្នកទេសចរត្រូវធ្វើដំណើរក្រាបផង លូនផង និងរំកិលខ្លួនបន្តិចម្ដងៗ តាមរូងភ្នំដ៏ងងឹត និងតូចចង្អៀត។ ដំណើរឆ្លងកាត់ស្ថានភាពលំបាកៗទាំងនេះ ពិតជាស័ក្តិ​សមបំផុត សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង។

ជាង ១៥០០ឆ្នាំកន្លងផុតទៅ ភ្នំឈ្ងោក មិនត្រឹមតែជាទីតាំងទេសចរដ៏មានសក្តានុពលប៉ុណ្ណោះទេ ថែមតាំងជាបូជនីយដ្ឋានប្រវត្តិសាស្រ្តដ៏សំខាន់មួយនៃអាណាចក្រខ្មែរ។

សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

អត្ថបទថ្មី
;