អតីត​យោធា​ផ្កាយពីរ និង​បក្ខពួក ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី១៦ឆ្នាំ ទៅ១៩ឆ្នាំ

  • 2020-05-07 02:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​យោធា​ប្រកាស​សាលក្រមផ្តន្ទា​ទោស​អតីត​យោធាផ្កាយពីរ និង​បក្ខពួក ឲ្យជាប់​ពន្ធនាគារ​រយៈពេលពី ១៦ឆ្នាំទៅ១៩ឆ្នាំ និងត្រូវបានបណ្តេញ​ចេញ​ពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ក្នុង​សំណុំរឿង​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ខុសច្បាប់​នៅ​រាជធានីភ្នំពេញ ខេត្ត​កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ការ​ប្រកាស​សាលក្រមនេះ បាន​ធ្វើ​ឡើងនាព្រឹក​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ គឺបន្ទាប់ពី​បើកសវនាការជំនុំជម្រះកាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

ជនជាប់ចោទ៖ ១. ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ជាអតីតជាឧត្តមសេនីយ៍ទោ មុខងារ នាយករងទីចាត់​ការបច្ចេក​ទេសអគ្គបញ្ជាការ ផ្តន្ទាទោស ១៦ឆ្នាំ។ ២. ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបបយោធា ជាអតីតជំនួយការសេនាធិការ កងពលអន្តរាគមន៍លេខ ១ ផន្ទាទោស ១៩ឆ្នាំ។

តុលាការយោធាបានបញ្ជាក់ថា ជនជាប់ចោទទាំងពីរ ជាប់ចោទ​ពីបទបង្កើត​ដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាត​ពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្ត​នៅខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ និងរាជធានី​ភ្នំពេញ កាលពីអំឡុង​ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើស​ដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ។

មាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌៈ បទបង្កើតដោយខុសច្បាប់នូវកម្លាំងប្រដាប់អាវុធៈ អំពើ​បង្កើតកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ ឬគ្មានការអនុញ្ញាតពីអាជ្ញាធរស្របច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;