រយៈពេល ៤ខែមន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជិត ៤០០ករណីក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់

  • 2020-05-07 09:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធ បានចុះល្បាតដើម្បីការពារ និងអភិរក្ស​ធនធានធម្មជាតិនៅក្នុងខេត្តទាំង ៤ នៃភូមិសាស្ត្រតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បានចំនួន ៥១១ លើកនិងបានបង្ក្រាបបទល្មើសធន ធានធម្មជាតិរួមមានការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់ បានចំនួន៣៩៩ ករណីនៅក្នុងរយៈពេល ៤ ខែពីខែមករា ដល់ខែមេសា ឆ្នាំ ២០២០។ នេះគឺជាការថ្លែងឱ្យ ដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែឧស ភា ឆ្នាំ២០២០នេះ ដោយយោងលើរបាយការណ៍ស្តីពីការគ្រប់គ្រងនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់របស់ក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បទល្មើសកាប់ឈើនិងទន្ទ្រានដីព្រៃ ខុសច្បាប់ចំនួន ៣២ ករណី ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដំណើរការនីតិវិធី និងបានធ្វើកិច្ចសន្យា អប់រំណែនាំចំនួន ៤២ ករណីដែលមានមនុស្សពាក់ព័ន្ធជិត ១០០ នាក់។

នៅក្នុងការចុះទប់ស្កាត់និងបង្ក្រាបបទល្មើស នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងទំហំដីជាង ៤៣ ម៉ឺនហិកតាស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងក្រចេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានឱ្យដឹងថា មន្ត្រីឧទ្យានុ រក្សនិងប្រជាសហគមន៍តំបន់ ការពារធម្មជាតិបានរឹបអូសវត្ថុតាងជាច្រើនក្នុងនោះរួមមាន៖រឹបអូសរណាយន្តបានចំនួន ១៩៣ គ្រឿង រថយន្ត ២ គ្រឿង គោយន្តចំនួន ៣៤ គ្រឿង ម៉ូតូ ២៥ គ្រឿង និងរឹបអូស ដែលបានកាប់បំផ្លាញចំនួន ១៧៩ ម៉ែត្រគូប និងឈើហ៊ុប និងឈើដុំចំនួន ១៦៥ កំណាត់។ រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បាន បង្ហាញផងដែរថានៅក្នុងអំឡុងនៃការទប់ស្កាត់និងបង្ក្រាបបទល្មើសរយៈពេល ៤ ខែដើមឆ្នាំ ២០២០ នេះ កម្លាំងមន្ត្រីឧទ្យានុក្សក៏បានបំផ្លាញរុះរើរោងអនាធិបតេយ្យក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ចំ នួន ៣៤ រោង និងបានដកហូតកាំភ្លើងកែច្នៃដែលប្រើប្រាស់សម្រាប់ការបរបាញ់សត្វខុសច្បាប់បានចំនួន ២៩ ដើម និងបានដោះអន្ទាក់បានចំនួន ៧២៤ អន្ទាក់។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថានេះគឺជាកិច្ចខិតខំប្រឹង ប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារនិងអភិរក្សធន​ធាន​ធម្មជាតិក្នុងតំបន់ព្រៃ ឡង់ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិ ស្ថានរូបនេះក៏បានលើកឡើងថា ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំង យប់ទាំងថ្ងៃពីសំណាក់មន្ត្រីឧទ្យានុរក្សនិងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដី ធ្វើជាកម្មសិទ្ធិការបរ បាញ់និងការដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាននៅក្នុងតំបន់ព្រៃឡង់ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបន្តទៀត។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មានកត្តាផ្សេងៗដែល ជំរុញឱ្យមានបទល្មើសទាំងនេះក្នុងនោះរួមមាន កត្ដាជីវភាពរបស់ប្រជាសហគមន៍ ដែលធ្លាប់តែពឹង អាស្រ័យ ទៅលើផល អនុផលព្រៃឈើ និងការទាក់ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្រ្ដីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់នោះនៅមានកម្រិតនៅឡើយ។ ទោះយ៉ាងណា លោករដ្ឋ​លេខា​ធិការ​ក្រសួងបរិស្ថានបានថ្លែងថា កម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់និងបង្ក្រាបយ៉ាងហ្មឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិដែលកើតឡើងស្របតាមច្បាប់នានា។

​លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍបានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការ​គ្រប់​គ្រង ការផ្ដល់មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជាការជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានបន្ថែមទៀតតាមរយៈការបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូល ការជំរុញទេសចរណ៍ធម្មជាតិជាដើម ដើម្បីធានា ប្រសិទ្ធភាពនៃការងារគ្រប់គ្រង ការពារ និងអភិរក្សតំបន់ព្រៃឡង់។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងសហការអនុវត្តគម្រោងការពារ និងអភិរក្សតំបន់ដែន ជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃឡង់បៃតងគាំទ្រថវិកាដោយUSAID របស់សហ រដ្ឋអាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១ លានដុល្លារ។

លោកបានបន្តថា គម្រោងព្រៃឡង់បៃតងមានគោល បំណងធ្វើឱ្យប្រសើរឡើងនូវការអភិរក្ស ជីវៈចម្រុះ និង ស្ថានភាពប្រព័ន្ធអេកូឡូស៊ី ព្រមទាំង បង្កើតឱ្យមាននិរន្តរភាព និងសមធម៌នៃកាលានុ វត្តភាព ផ្នែក សេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិសម្រាប់ការវិនិយោគឡើងវិញ នៅក្នុងដែន ជម្រកសត្វព្រៃ «ព្រៃឡង់»និងតំបន់កាពារធម្មជាតិ ជុំវិញតំបន់ព្រៃឡង់។ គម្រោងនេះ មានកិច្ចសហ ការជាមួយក្រសួង បរិស្ថាន ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីពង្រឹងការការ ពារ អភិរក្សធនធាន ធម្មជាតិ និងជីវៈចម្រុះ ផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការ បោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃ ឡង់» និងតំបន់ការពារ ធម្មជាតិមួយចំនួនជុំវិញ តំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាព មន្ត្រីឧទ្យានុរក្ស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍អភិរក្សប្រពៃណីជនជាតិដើមភាគតិច៕

អត្ថបទ និងរូបភាព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;