រដ្ឋមន្រ្តីអប់រំ៖ យើងមិនគួរ​ប្រថុយ​ខ្លាំងពេកឡើយ ក្នុងការ​បើក​សាលារៀន​ឡើងវិញ

  • 2020-05-13 03:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន​ កីឡា បាន​លើកឡើងថា កម្ពុជា​មិនគួរ​ប្រថុយប្រថាន​ខ្លាំងពេកឡើយ ក្នុងការបើកសាលាឱ្យសិស្សចូលរៀនឡើងវិញ ដោយ​លោកបាន​លើកពីគំរូ​នៅក្នុងប្រទេសសិង្ហបុរីថាបាន​បណ្តោយឱ្យជំងឺកូវីដ១៩ ឆ្លងចូលសាលារៀន និង​អន្តេវាសិកដ្ឋាន​កម្មករ ដែល​ធ្វើឱ្យ​សភាពការណ៍​គ្រប់គ្រង​លែងបាន។ នេះបើតាម​លិខិតរបស់លោករដ្ឋមន្រ្តីអប់រំ ផ្ញើជូនទៅកាន់សម្តេច ហ៊ុន សែន ចុះកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២០។

លោក​បន្តថា៖ «យើង​គួរ​រង់ចាំ​មើល​សភាពការណ៍​វិវត្ត​បន្តទៀត ហើយ​សម្រេច​ចិត្ត​បើកសាលារៀន​នៅចុងឆ្នាំ​២០២០ ក៏មិនយឺតពេកដែរ»។

លោក ហង់ជួន ណារ៉ុន ក៏បាន​បញ្ជាក់​ដែរថា ក្រសួង​អប់រំ ​មិនព្រងើយកន្តើយ​ចំពោះ​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​បើកដំណើរការ​សាលារៀន​ឡើងវិញដែរ ដោយ​បាន​ដាក់ចេញនូវ​ជម្រើស​បើក​ជាដំណាក់ៗ ដោយ​ផ្តោត​លើ​គ្រឹះស្ថាន​ឧត្តម​សិក្សា និង​សិស្សថ្នាក់ទី១២ និង ៩ ដែល​ត្រូវ​ត្រៀម​ប្រឡង​នៅពេល​ណាមួយ​សមស្រប។

ក្រសួង​បាន​ណែនាំ​ឱ្យ​គណៈ​គ្រប់គ្រងសាលា និង​គ្រូបង្រៀន​បែងចែក​វេន​ចុះចងក្រង​សិស្ស​ជាក្រុមតូចៗ មិនលើសពី ១០នាក់ ឱ្យ​ធ្វើស្វ័យសិក្សា និង​សិក្សា​ពីចម្ងាយ ដោយប្រើ​ទូរទស្សន៍ និង​ប្រព័ន្ធ​អេឡិចត្រូនិក។ ក្រសួង​កំពុង​រៀបចំ​សេចក្តី​ណែនាំ​ស្តីពី​វិធានការ​អនាម័យ​ចាំបាច់ ដើម្បី​បើក​សាលារៀនឡើងវិញ។ ក្រសួង​នឹង​ពិចារណា​បន្ថែមទៀត លើការ​បើកដំណើរការ​សាលារៀន​ឡើងវិញ ឱ្យបានមុន​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ជាថ្ងៃចូលបវេសនកាល​ឆ្នាំ​សិក្សាថ្មី៕

អត្ថបទថ្មី
;