រដ្ឋបាល​រាជធានី គ្រោងសង់ផ្លូវ​ស្របតាម​ដងទន្លេសាប​ពីស្ពានជ្រោយចង្វារ ទៅ​មហាវិថី​ឈ្នះឈ្នះ

  • 2020-05-20 01:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានីភ្នំពេញ បានរៀបចំគម្រោងរួចហើយនូវការសាងសង់ផ្លូវថ្មីចំនួន២ខ្សែ ដោយខ្សែទី១ភ្ជាប់ពីផ្លូវ OCIC ឆ្ពោះទៅវិមានឈ្នះឈ្នះតែម្តង។ ខ្សែទី២គឺជាផ្លូវស្របតាមដងទន្លេសាបពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិនឆ្ពោះទៅដល់ចំណុចស្ពានលីយ៉ុងផាត់ (បុកមក​មហាវិថីឈ្នះឈ្នះដែរ)។ នេះបើតាម​ការចុះផ្សាយរបស់ AKP ដែលដកស្រង់សម្តី លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ ក្នុងកិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិរៀបចំ​ការប្រកួត​កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ​២០២៣ (CAMSOC) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២០។

រូបថត៖ AKP
លោក​បន្ថែមថា នេះជា​គម្រោងរបស់សាលារាជធានីភ្នំពេញដែលគ្រោងនឹងសាងសង់ផ្លូវពីរខ្សែថ្មីនេះឱ្យ​រួច​រាល់នៅ​ក្នុងឆ្នាំ២០២២ ពោលគឺមុនការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលផ្លូវ២ខ្សែនេះនឹងជួយរំដោះការ​កក​ស្ទះពី​ផ្លូវជាតិលេខ៦បាន ខណៈព្រឹត្តិការណ៍នេះ ត្រូវបាន​រំពឹងថា នឹងមានអ្នកចូលរួមទស្សនាពី ៥ ទៅ ៦ម៉ឺននាក់។

ចំណែក​លោក វ៉ាត់ ចំរើន ​អគ្គលេខាធិការ CAMSOC បាន​ថ្លែង​ថា៖ «យើងទទួលបាន​ព័ត៌មាន​ល្អ​ពីសាលារាជធានីភ្នំពេញ​នៃគម្រោង​កសាង​ផ្លូវបេតុង​ថ្មី២ខ្សែ និងទទួល​បាន​ការលើកទឹកចិត្ត​ឱ្យគណៈកម្មការ​ជំនាញ​រួមគ្នា​ធ្វើការងារនេះឱ្យរួចរាល់​នូវផែនការ​ការងារ​របស់ខ្លួន និង​ជំរុញផែនការ​ទាំងអស់​ឱ្យដល់​គោលដៅ តាមអ្វីដែល​យើង​ចង់បាន ដើម្បីឱ្យរួចរាល់​ក្នុងការទទួល​ស្វាគមន៍ និងដើម្បីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យជាប្រវត្តិសាស្ត្រ»៕

ប្រភព៖ AKP

អត្ថបទថ្មី
;