ទូតថៃ នាំយក​ថវិកា ២លានបាត ជូនសម្តេច ហ៊ុន សែន

  • 2020-05-27 06:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Panyarak Poolthup ឯកអគ្គរាជទូតថៃ​ប្រចាំ​កម្ពុជា បាន​នាំយកថវិកាចំនួន ២លានបាត ប្រគល់​ជូនសម្តេច​ ហ៊ុន សែន ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់​ការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា និង​ក្នុងឱកាស​លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំង២។ ការ​ប្រគល់ថវិកានេះ ធ្វើឡើង​ក្នុងជំនួបមួយនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០២០។

លោកឯកអគ្គរាជទូត​បាន​បញ្ជាក់​ថា វិធានការ​ដែលរាជរដ្ឋាភិបាល​បានដាក់ចេញនេះ គឺមាន​ប្រសិទ្ធភាព​ខ្ពស់​ហើយ​ទប់ស្កាត់​មិនឲ្យ​មាន​ការរាតត្បាត​នៅកម្ពុជា​ទៀតឡើយ។

លោក​ក៏បាន​រាយការណ៍​ជូនសម្ដេច​អំពី​សកម្មភាព​របស់​ស្ថានទូត​ថៃប្រចាំ​កម្ពុជា គឺ​លោក​បាន​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុនថៃ​នៅកម្ពុជា​ ដោយបាន​ធ្វើការ​ណែនាំ​ធ្វើយ៉ាងណា​មិនឲ្យក្រុមហ៊ុន​ទាំងនោះ​ដំឡើង​តម្លៃ​ទំនិញ​នៅកម្ពុជា​ និងបាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុនទាំងនោះ ឲ្យមាន​ការចែករំលែក​នូវសម្ភារៈ​ ដូចជា​សម្ភារៈ​អនាម័យ​មានម៉ាក់​ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍​ថា វាជាការឆ្លុះបញ្ចាំងនៃការសាមគ្គីភាពរវាងកម្ពុជា នឹងថៃ ក៏ដូចជាប្រជាជនកម្ពុជានិងប្រជាជនថៃផងដែរ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះវិធានការដែលរាជរដ្ឋាភិបាលថៃបានដាក់ចេញក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា វិធានការទាំងឡាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ គឺមានភាពប្រាកដនិយម។ ក្នុងន័យនេះសម្ដេចមានប្រសាសន៍ថា ជាសក្ខីភាពប្រជាជនកម្ពុជាបានឆ្លងកាត់ព្រំប្រទល់ថៃមកកម្ពុជា​កន្លងមកជាង ៩ម៉ឺននាក់ ហើយអ្នកទាំងនោះគ្មានជនណាម្នាក់ឆ្លង ឬនាំយកជំងឺកូវីដ១៩មកកម្ពុជាឡើយ។ ក្នុងន័យនេះ សម្ដេចតេជោមានប្រសាសន៍ថា នេះជាការឆ្លុះបញ្ចាំងមួយថាប្រទេសថៃមិនមែនជាប្រទេសចម្លងមេរោគកូវីដនោះទេ។

សម្ដេចតេជោក៏បានជម្រាបជូន​ឯកអគ្គរាជទូតថៃផងដែរថា ថ្មីៗនេះអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃបានអំពាវនាវនិងធ្វើការជាមួយនឹងប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃធ្វើយ៉ាងណាឱ្យអនុវត្តឲ្យខានតែបានតាមគោលការណ៍របស់រាជរដ្ឋាភិបាលថៃដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;