ធ្លាប់​មាន​រឿង​១​ពាក់ព័ន្ធ​នឹង​លុយ​ក្រដាស ២ដុល្លារ​នាំ​សំណាង

  • 2020-06-01 01:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រដាស​ប្រាក់​​ ២​ដុល្លារ​អាមេរិក ត្រូវ​បាន​បោះពុម្ព​ និង​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ការ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​​១៨៦២។ វា​ជា​ប្រភេទ​ក្រដាស​ប្រាក់​ដ៏​កម្រ​មួយ​នៅ​ក្នុង​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ។ បើ​តាម​ពាក្យ​ចចាមអារ៉ាម​​ ក្រដាស​២​ដុល្លារ​គឺ​ជា​លុយ​នាំ​សំណាង ហើយ​មនុស្សម្នា​មួយ​ចំនួន​រមែង​រក្សា​វា​ទុក​តាម​ខ្លួន​ទៅ​តាម​ជំនឿ​​ផ្សេងៗ។

ទាក់ទិន​នឹង​រឿង​លុយ​២​ដុល្លារ​ដែល​នាំ​សំណាង​ល្អ​នេះ ធ្លាប់​មាន​រឿង​មួយ​ដែល​បាន​​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ លុយ​២ដុល្លារ​បាន​នាំ​សំណាង​ល្អ​ទៅ​ដល់​ក្រុម​ប៉ូលិស និង​ជន​រងគ្រោះ តែ​វា​បាន​ផ្ដល់​ផល​អាក្រក់​​ដល់​ជន​ល្មើស​ទៅ​វិញ។ កាល​ពី​ឆ្នាំ​២០០៣ មាន​ចោរ​ម្នាក់​បាន​ដើរ​គាស់​ផ្ទះ​គេ​​​លួច​របស់របរ​​មាន​តម្លៃ​​សរុប​​ប្រមាណ​ជាង ៣០​ម៉ឺន​​ដុល្លារ​អាមេរិក។ ហេតុការណ៍​នេះ​​បាន​កើត​ឡើង​នៅ​តំបន់ Seongbuk-dong និង Pyeongchang-dong ក្នុង​​ទីក្រុង​សេអ៊ូល ហើយ​ជន​ល្មើស​មាន​ឈ្មោះ​ថា Lee ដែល​កាល​នោះ​មាន​អាយុ ៣៨​ឆ្នាំ។ ពេល​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​បាន Lee បាន​ឆ្លើយ​បដិសេធ​ជា​ច្រើន​លើក​ច្រើន​សា​អំពី​​ទង្វើ​របស់​ខ្លួន។ យ៉ាង​ណា​មិញ កុំ​តែ​បាន​លុយ​ក្រដាស ២​ដុល្លារ​​ទើប​ Lee មិន​អាច​ប្រកែក​ទៀត​បាន។

រឿង​នេះ​គឺ​ថា​នៅ​ក្នុង​ចំណោម​របស់​របរ​​ដែល Lee លួច​ក៏​មាន​លុយ​ក្រដាស ២​ដុល្លារ​មួយ​សន្លឹក​ផង​ដែរ។ លុយ​២​ដុល្លារ​នោះ​គឺ​ជា​របស់​ជន​រងគ្រោះ​ម្នាក់​​ឈ្មោះ​ថា Chang។ លោក Chang បាន​រៀបរាប់​ថា លុយ​​២​ដុល្លារ​ដែល​ជា​ភស្តុតាង​ដ៏​សំខាន់​នេះ​គឺ​ជា​កាដូ​ដែល​មិត្តភក្ដិ​​ជា​ជនជាតិ​អាមេរិក​ជូន​ឲ្យ​លោក ហើយ​លេខ​នៅ​លើ​​លុយ​​​ត្រូវ​បាន​លោក​កត់​ចំណាំ​ចូល​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ។ ដោយសារ​តែ​មាន​ភស្តុតាង​ជា​លុយ​២​ដុល្លារ​នេះ ទើប Lee ព្រម​ទទួល​ស្គាល់​ពី​បទ​ល្មើស​របស់​ខ្លួន៕

ប្រភព៖ Donga ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;