នាយក​ក្រុមហ៊ុន​ជប៉ុន៖ កសិកម្ម​កម្ពុជា​មាន​សក្តានុពល​ តែ​មិន​អាច​ប្រកួត​លើ​ឆាកអន្តរជាតិ​បានទេ ដោយ​សារហេតុ​ផលទាំងនេះ

  • 2020-06-23 06:04:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកបណ្ឌិត Nabeshima Katsuhito ស្ថាបនិក និង​ជា​នាយក​ក្រុមហ៊ុន Yamato Green Co., Ltd បាន​ថ្លែងថា កសិកម្ម​កម្ពុជា​មានសក្តានុពល​យ៉ាង​ធំធេង ជាពិសេស​ផលិតកម្ម​បន្លែ ប៉ុន្តែកម្ពុជា​មិនទាន់​បានប្រើប្រាស់សក្តានុពល និងធនធាន​ដែលមាន​ស្រាប់ឱ្យអស់​លទ្ធភាពនៅឡើយ​ តាំងពី​ចំណុច​ចាប់ផ្តើម (ដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន) និយាយ​រួមគឺការ​អនុវត្តបច្ចេកវិទ្យាចុងក្រោយ​ទាំងអំឡុងពេល​ដាំដុះ និង​ប្រមូលផល រហូត​ដល់លើ​តុសម្រាប់​អ្នក​បរិភោគ។ លោក​ថ្លែង​ដូច្នេះ​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២០។

លោក​បណ្ឌិត​បញ្ជាក់​ថា ហេតុផលទាំងអស់នេះ គឺជាដើមចមធ្វើឱ្យផលិតផលបន្លែកម្ពុជាមិនអាចផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់បានទៅតាមរដូវលើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើការប្រកួតប្រជែងកម្រិតអន្តរជាតិបាន។

លោក​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា ក្នុង​បរិបទ​កំណើន​សេដ្ឋកិច្ច​នេះ និងជាពិសេស​ក្នុងកាល:ទេស:​ដែល​ពិភពលោក​កំពុង​ជួបនូវ​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ-១៩ បានផ្តល់​ឱកាសមាស​ដល់ប្រជាកសិករ​ ដើម្បី​កែប្រែ​ទម្លាប់​ពីការ​ផលិត​សម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារពោលគឺពី "កសិករ ទៅជាកសិ-ពាណិជ្ជករ"។

លោក វេង សាខុន បញ្ជាក់​បន្ថែម​ថា គម្រោង​វិនិយោគ​លើ​ផលិតកម្ម​បន្លែ​នេះ គឺស្របពេល​ដែលអ្នក​បរិភោគ កំពុង​ផ្លាស់ប្តូរ​ឥរិយាបថ​មកបរិភោគ​ចំណី​អាហារ​ដែលមាន​ស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។ ដូច្នេះ ដើម្បីឆ្លើយតប និងបំពេញតម្រូវការនៃបរិបទថ្មីនេះ តម្រូវឲ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និតពីគ្រប់ដៃគូពាក់ព័ន្ធតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”៕

ប្រភព៖ ក្រសួងកសិកម្ម

អត្ថបទថ្មី
;