គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី២ ជាជំនួយរបស់ចិនកំពុងដំណើរការសាងសង់

  • 2020-06-24 02:52:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានអញ្ជើញទៅពិនិត្យការដ្ឋានខួងអណ្ដូងទឹកស្អាតចំនួនពីរកន្លែងស្ថិតនៅភូមិក្អែកទុំ ឃុំរើល ស្រុកពួក និងនៅក្នុងភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ការពិនិត្យការដ្ឋានខួងអណ្ដូងទឹកស្អាតនេះ ធ្វើឡ់ងកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០។

គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន អនុវត្តរយៈពេល ២៤ ខែ ដោយចាប់ផ្ដើមពី ខែធ្នូ ឆ្នាំ ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ ២០២១ ។ គម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើឡើងនូវលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ និងចូលរួមកាត់បន្ថយភាពក្រីក្រ ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើលើវិស័យផ្គត់ផ្គង់ទឹកស្អាត តាមរយៈការខួងអណ្ដូង និងសាងសង់ស្រះទឹកសហគមន៍ ។

គម្រោងនេះនឹងត្រូវធ្វើការខួងអណ្តូងស្នប់សរុបចំនួន ៩៦៤ អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មសរុបចំនួន ៤២ ស្រះ នៅក្នុងតំបន់មួយចំនួនដែលរងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងខេត្តគោលដៅចំនួន ១០ គឺ៖ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម។

ចំពោះខេត្តសៀមរាប អណ្តូងទឹកស្អាតដែលត្រូវខួងមានសរុប ១០០ អណ្តូង ហើយគិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ខួងអណ្តូងបានចំនួន ៥៧ អណ្តូង និងសាងសង់ស្រះសហគមន៍មានរៀបថ្មបានចំនួន ៤ ស្រះ សម្រេចបានប្រមាណ ៩០% និងស្រះទឹកសហគមន៍ធម្មតាចំនួន ៣ ស្រះ សម្រេចបានប្រមាណ ៩០% នៃគម្រោង ។

គម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានរួមចំណែកជាមួយរាជរដ្ឋាភិបាលអនុវត្តផែនការយុទ្ធសាស្រ្ដជាតិសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទសម្រាប់ឆ្នាំ២០១៤-២០២៥ ដោយបានកំណត់ថា ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់តំបន់ជនបទត្រូវគ្របដណ្ដប់ឲ្យបាន ១០០% នៅឆ្នាំ ២០២៥ និងបានកំណត់ចក្ខុវិស័យថា មនុស្សគ្រប់រូបនៅក្នុងសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្ដរភាព និងរស់នៅក្នុងបរិស្ថានស្អាតនៅឆ្នាំ ២០២៥ ៕

អត្ថបទ និងរូបភាព៖ រដ្ឋបាលខេត្តសៀមរាប

អត្ថបទថ្មី
;