ក្រសួង​ស្នើឱ្យប្រជាពលរដ្ឋ​នៅតាម​បណ្តោយ​ផ្លូវជាតិលេខ២ ដែល​ទទួល​សំណងរួចហើយ កុំបង្ក​ការរាំងស្ទះ​ដល់​ការសាងសង់

  • 2020-06-24 04:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង​ថា ការ​ដោះស្រាយ​ផលប៉ះពាល់​ក្នុង​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២ សម្រេច​បាន ៩៨,៥% និង​ផ្លូវជាតិ​លេខ​២២ សម្រេច​បាន ១០០% ហើយ។

ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ស្ដីពី​ការពិនិត្យ និងតាមដាន​អំពី​ដំណើរការ​ដោះស្រាយ​ផលប៉ះពាល់​ កាលពី​ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ​២០២០ លោក​ តូច ចាន់កុសល រដ្ឋលេខាធិការ​ប្រចាំ​ការ​នៃក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស និង​អាជីវករ​ដែល​កំពុង​ប្រកបរបរ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​ទាំងពីរ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលបាន​សំណង​លើផល​ប៉ះពាល់​រួចហើយ សូម​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ឱ្យមាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​កុំឱ្យមាន​ការរាំងស្ទះ​ដល់ការ​សាងសង់ ក៏ដូចជា​ការធ្វើ​ដំណើរ និងការ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ។

លោក​លើកឡើង​ក្នុងកិច្ចប្រជុំនេះ​ថា ក្រុម​ការងារ​ពាក់ព័ន្ធ​ទាំងអស់​បាននឹង​កំពុង​បន្តកិច្ចសហការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ឯកជន សហគ្រាស និង​អាជីវករ​នានា​ដែលប្រកប​របរ​លើ​បណ្ដាញ​ទឹកស្អាត បង្គោល​អគ្គិសនី ខ្សែកាបិ៍្ល អុបទិក ជាដើម ដើម្បី​រុះរើ និង​ប្ដូរទៅ​ទីតាំង​ថ្មី ក្នុងគោលបំណង​បង្ក​ភាពងាយស្រួល​ដល់​ក្រុមហ៊ុន​សាងសង់​អនុវត្ត​គម្រោង​របស់​ខ្លួនប្រកបដោយ​ប្រសិទ្ធភាព​បំផុត និងអាច​បញ្ចប់​គម្រោង​តាមការ​គ្រោងទុក។

ជាមួយគ្នានេះផងដែរ ​លោក​រដ្ឋលេខាធិការ​ប្រចាំការ​បានណែនាំឱ្យក្រុមហ៊ុនសាងសង់​ក្រុមហ៊ុន​ត្រួតពិនិត្យបច្ចេកទេស និងភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវយកចិត្ត​ទុកដាក់​រៀបចំ​ប្រឡាយ​បង្ហូរទឹក​ នៅសងខាងផ្លូវ​ដែលកំពុង​សាងសង់​ឱ្យបាន​ត្រឹមត្រូវ និង​សមស្រប​តាម​គម្រោង ដើម្បី​ជៀសវាង​ការជន់លិច​លង់ភូមិ និង​ទ្រព្យសម្បត្តិ​របស់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថា រដូវភ្លៀងបានមកដល់ហើយ ហើយ ភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃនៅតាមតំបន់មួយចំនួនផងដែរ។

លោក​បានស្នើឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ ព្រមទាំងអនុគណៈកម្មការទាំងពីរ គឺអនុគណៈកម្មការខេត្តតាកែវ និងខេត្តកណ្ដាល សហការជាមួយភាគីពាក់ព័ន្ធចុះពិនិត្យទីតាំងរងផលប៉ះពាល់នៅតាមបណ្ដោយផ្លូវជាតិទាំងពីរ ដែលពិបាកក្នុងការដោះស្រាយដើម្បីស្វែងរកយន្តការ ដោះស្រាយឱ្យបានលឿនបំផុត សំដៅជៀសវាងការរាំងស្ទះក្នុងការសាងសង់៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;