សិលាចារឹកមួយផ្ទាំង ជាភាសាសំស្ក្រឹតត្រូវបានប្រទះឃើញនៅក្នុងប្រាសាទទន្លេស្ងួតពេលកំពុងជួសជុល

  • 2020-06-24 10:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រទះឃើញសិលាចារឹកជាភាសាសំស្ក្រឹតចារលើផ្ទាំងថ្មភក់ដែលគេយកមករៀបជាគ្រឿងបង្គុំថ្មកម្រាលខ្លោងទ្វារខាងមុខប្រាង្គកណ្តាលនៃប្រាសាទទន្លេស្ងួតក្នុងពេលលាងសម្អាតថ្ម មុនយកទៅរៀបផ្គុំនៅទីតាំងដើមវិញ។ ថ្មចារឹកនេះ អាជ្ញាធរជាតិអប្សរាបានយកមករក្សាទុកក្នុងទីស្នាក់ការនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

តាមការបញ្ជាក់របស់លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា ផ្ទាំងថ្មចារឹកនេះអាចពុំមែនជារបស់មន្ទីរពេទ្យទន្លេស្ងួតទេ ប្រហែលជាគេយកចេញពីប្រាសាទណាមួយមកប្រើធ្វើជាថ្មកម្រាល ដោយរៀបដាក់ផ្កាប់ផ្ទៃមានអក្សរចារឹកទៅក្រោម។ ចំណែកផ្ទៃខាងក្រោយពុំមានអក្សរគេដាក់ផ្ងារឡើងលើ ហើយដាប់ធ្វើជាល្បាក់សម្រាប់ទ្រថ្មធ្នឹមទ្វារ។

ករណីនេះ បានធ្វើឱ្យបាត់បង់តួអក្សរមួយផ្នែក តែក៏នៅមានសេចក្តីច្រើនដែលអាចសិក្សាស្រាវជ្រាវបន្ថែមបាន ហើយនេះក៏មិនចាត់ទុកជាករណីបំផ្លាញដែរ ព្រោះគេកាត់តម្រឹមឱ្យត្រូវចន្លោះដើម្បីធ្វើជាថ្មកម្រាលក្នុងការកាសាងប្រាសាទទន្លេស្ងួតពីបុរាណ។ ការយកថ្មចាស់ពីកន្លែងផ្សេងមកកសាងប្រាសាទថ្មីបន្ទាប់ ក៏ជាទម្លាប់ធម្មតានាសម័យបុរាណដែរ។

លក្ខណៈពិសេសនៃសិលាចារឹកនេះ គឺពុំទាន់មានការសិក្សានៅឡើយ ដែលសរសេរជាភាសាសំស្ក្រឹត មានចំនួន៥៥បន្ទាត់ កម្ពស់១០០ស.ម ទទឹង៤០ស.ម និងកម្រាស់២០ស.ម។ បើយោងតាមការសន្និដ្ឋានដំបូងលើលក្ខណៈតួអក្សរឆ្មារៗ និងពិចិត្រ ដែលប្រៀបនឹងសិលាចារឹកនៅប្រាសាទភ្នំដី ស្ថិតនៅខាងជើងប្រាសាទទន្លេស្ងួតនោះ យើងអាចស្មានបានថា សិលាចារឹកនេះ ប្រហែលចារនៅចុងស.វ.ទី១១ ដល់ដើមស.វ.ទី១២។

លោក សុខរិទ្ធី បញ្ជាក់ថា នៅពេលនេះយើងមិនទាន់ដឹងខ្លឹមសារនៅក្នុងសិលាចារឹកនេះទេ គឺត្រូវការពេលវេលាដើម្បីឱ្យអ្នកជំនាញប្រែសម្រួលពីភាសាសំស្ក្រឹត ដើម្បីស្វែងយល់ពីរឿងរ៉ាវផ្សេងៗ និងកាលបរិច្ឆទនៃអក្សរចារឹកមួយផ្ទាំងនេះ។ តែវាបានផ្តល់ព័ត៌មានសំខាន់មួយឱ្យយើងដឹងអំពីប្រវត្តិនៃការសាងសង់ប្រាសាទទន្លេស្ងួត និងភស្តុតាងបុរាណវិទ្យាដែលបង្ហាញអំពីការតាំងទីមនុស្សសម័យអង្គរនៅក្នុងតំបន់នេះ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ (១១៨១ ដល់ ១២១៨ គ.ស.)៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;