រាជរដ្ឋាភិបាលមានសិទ្ធិ​ដាក់វិធានការ ១២ចំណុច ក្នុង​ពេល​ប្រទេស​ជាតិ​ស្ថិតក្នុងភាព​អាសន្ន

  • 2020-06-29 08:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ពេល​ប្រទេស​ជាតិ​ ត្រូវបាន​ប្រកាស​ដាក់​ស្ថិតនៅក្នុងភាព​អាសន្ន រាជរដ្ឋាភិបាល​មាន​សិទ្ធិ​ដាក់ចេញ​វិធានការ​ដូចខាងក្រោម៖

-ការ​ហាមឃាត់​ ឬការ​កម្រិត​សិទ្ធិ​សេរីភាព​ក្នុងការធ្វើដំណើរ។

-ការ​ហាមឃាត់​ ឬការ​កម្រិត​សិទ្ធិសេរីភាព​ក្នុងការ​ជួបជុំ ឬការ​ប្រមូលផ្តុំមនុស្ស។

-ការ​ហាមឃាត់​ ឬការ​កម្រិត​ការធ្វើសកម្មភាព​ការងារ​ ឬមុខរបរ។

-ការ​ហាមឃាត់ ឬការកម្រិត​មិន​ឱ្យ​បុគ្គល​ចេញពី​លំនៅឋាន ឬទីសំណាក់​ណាមួយ។

-ការ​ដាក់​ចេញ​វិធានការ​ចត្តាឡីស័ក ឬការ​ដាក់​ឱ្យនៅ​ដោយឡែក​ ក្នុង​ករណី​គ្រោះអាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ បណ្តាល​មកពី​ការឆ្លង​រាលដាល​នៃជំងឺ។

-ការដាក់ចេញ​វិធានការ​ទាក់ទងនឹង​កំណែន និង​ជម្លៀស​ពលរដ្ឋ ដើម្បី​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន។

-ការ​ដាក់ចេញ​វិធានការ​ទាក់​ទង​នឹង​កំណើន ការ​ដកហូត ការគ្រប់គ្រង និង​ការចាត់ចែង​ទ្រព្យ​សម្បត្តិ និង​សេវារបស់​រូបវន្ត​បុគ្គល ឬនីតិ​បុគ្គល ដែលមាន​ភាព​ចាំបាច់​ដើម្បីឆ្លើយតប​ចំពោះ​ភាព​អាសន្ន។ នីតិ​វិធី​នៃកំណែន ការ​ដកហូត ការគ្រប់គ្រង ការចាត់ចែង ព្រមទាំង​ការផ្តល់សំណង​ត្រូវ​កំណត់​ដោយ​រាជរដ្ឋាភិបាល។

-ការ​ដាក់ចេញ​វិធានការ​ទាក់ទងនឹង​ការកំណត់ថ្លៃ​ទំនិញ និង​សេវា ដែលមាន​ភាព​ចាំបាច់ដើម្បី​ឆ្លើយតប​ភាព​អាសន្ន។

-ការ​ដាក់​ចេញ​វិធានការ​ទាក់ទងនឹង​ការបិទ​ទីតាំងសាធារណៈ ឬឯកជន​ណាមួយ​ដែលមាន​ភាព​ចាំបាច់ដើម្បី​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន។

-ការ​ដាក់​ចេញ​នូវ​វិធានការ​ឃ្លាំមើល និង​តាមដាន​គ្រប់​មធ្យោបាយ ដើម្បី​ទទួលបាន​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​ទូរគមនាគមន៍​គ្រប់រូបភាព ក្នុងគោលបំណងឆ្លើយតប​ចំពោះ​ភាព​អាសន្ន។

-ការ​ហាមឃាត់ ឬការ​កម្រិត​ការ​ចែកចាយ​ ឬការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាច​បង្ក​ឱ្យមានការភ័យខ្លាចដល់​សាធារណជន ឬចលាចល ឬ​ដែល​នាំ​ឱ្យ​ខូចខាត​ដល់​សន្តិសុខជាតិ ឬធ្វើឱ្យ​មានការភាន់ច្រឡំ​អំពីស្ថានភាព​នៃភាព​អាសន្ន។

-ការ​ដាក់​ចេញ​វិធានការ​ដទៃទៀតដែល​សមស្រប​និង​ចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន។

វិធានការ​អនុវត្ត​ពេល​ប្រទេស​ជាតិ ស្ថិតក្នុង​ភាព​អាសន្ន​អាចត្រូវបាន​ដាក់ចេញ​សម្រាប់​ទូទាំងប្រទេស ឬដែនដី​កំណត់​ជាក់លាក់ណាមួយ។

ក្នុងករណី​ចាំបាច់ រាជរដ្ឋាភិបាល​អាចបង្កើត​យន្តការ ឬប្រគល់​សិទ្ធិ​អំណាច​ទៅអាជ្ញាធរ​មានសមត្ថកិច្ច​ណាមួយ ឬប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ ដើម្បី​ធានាដល់ការអនុវត្ត​វិធានការ​ខាងលើ។

ក្នុងពេល​សង្គ្រាម ឬក្នុងកាលៈទេសៈដទៃទៀត ដែល​សន្តិសុខ​ជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិតក្នុងភាព​អាសន្នដោយ​រាជរដ្ឋាភិបាល​អាច​ធ្វើឡើង​តាមរបប​អាជ្ញាសឹក៕

ដកស្រង់ចេញពី៖ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេស​ជាតិស្ថិតក្នុងភាពអាសន្ន

អត្ថបទថ្មី
;