រដ្ឋបាល​រាជធានី គ្រោង​សង់​ចំណត​រថយន្ត​ ៣ទីតាំង ក្នុងនោះ​រកឃើញ​២ទីតាំងហើយ

  • 2020-07-01 08:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានីភ្នំពេញ មាន​គម្រោង​កសាង​ចំណត​រថយន្ត​ចំនួន​៣ទីតាំង ដែល​គម្រោងនេះ​នឹងចំណោយទឹកប្រាក់វិនិយោគប្រមាណ ១៦០លាន​ដុល្លារ​អាមេរិក ហើយ​ក្រុមហ៊ុន​បានពិនិត្យ​ទីតាំងរួចរាល់ចំនួន២កន្លែងហើយ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្នុង​ជំនួប​ជាមួយ​ម្ចាស់ក្រុមហ៊ុនចិន Good Car investment របស់ប្រទេសចិន  កាលពី​រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

លោក ឃួង ស្រេង បានបញ្ជាក់ថា ការសង់​ចំណត​ក្រោមដី ស្របតាម​គោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវការចំណត រថយន្តជាចំណុចអាទិភាពក្នុងទីក្រុងសព្វថ្ងៃ ដែលកំពុងខ្វះចំណត។

លោកស្រី ចាន់ សុទ្ធា ម្ចាស់គម្រោងបានជម្រាបជូនពីគោលបំណង វិនិយោគ លើចំណតរថយន្ត និងនាំចូលរថយន្ត ដឹកជញ្ជូនទំនិញ និងរថយន្តដឹកជញ្ជូនអ្នកដំណើរ មករាជធានីភ្នំពេញ។

តំណាងក្រុមហ៊ុនបានបង្ហាញពីគោលដៅត្រូវ​កសាង​ចំណត​រថយន្ត ចំនួន​៣ទីតាំង​ក្នុង​រាជធានីភ្នំពេញ លើទឹកប្រាក់​វិនិយោគ១៦០​លានដុល្លារ​អាមេរិក ដែល​ក្រុមហ៊ុនបាន ពិនិត្យ​ទីតាំង​រួចចំនួន ២កន្លែង គឺនៅតំបន់រង្វង់មូលកួរស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាលមួយកន្លែងនិងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែង និងកំពុងរកទីតាំងមួយកន្លែង ទៀតដែលស្ថិតនៅជាយក្រុង។

លោក​អភិបាល​រាជធានី បានផ្តល់អនុសាសន៍ឱ្យ ក្រុមហ៊ុនសិក្សាឱ្យច្បាស់លាស់មុនសម្រេច ចិត្តវិនិយោគ គឺធ្វើឱ្យបានជោគជ័យ ព្រោះកន្លងមកមានក្រុមហ៊ុនច្រើនមកហើយ បានលើកឡើងពីការចង់វិនិយោគបែបនេះ តែមិនទទួលបានលទ្ធផលទេ បានត្រឹមតែមក បង្ហាញគម្រោងធំ​ និងទំនើបរបស់ខ្លួនប៉ុណ្ណោះ៕

ប្រភព៖ AKP

អត្ថបទថ្មី
;