កម្ពុជា ទទួលបាន​កម្ចី ២៥០លានដុល្លារពី​ ADB

  • 2020-07-09 01:31:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​​អនុម័តកម្ចីចំនួន​២៥០លានដុល្លារដើម្បីជួយរាជរដ្ឋាភិ​បាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត​ដែលបង្កដោយវីរុស​កូ​រ៉ូ​ណា ​(COVID-19) តាមរយៈការពង្រឹងប្រព័ន្ធគាំពារសុខភាពក្នុងប្រទេសបង្កើន​ជំនួយសង្គមដល់ប្រជាពល​រដ្ឋ ក្រីក្រ និងងាយរងគ្រោះព្រមទាំងផ្តល់ការគាំទ្រសេដ្ឋកិច្ចសម្រាប់អាជីវកម្ម ​ដែលរួមមាន សហគ្រាសខ្នាតតូចនិង​មធ្យមផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ធនាគារអភិវឌ្ឍន៍អាស៊ី។

លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានមាន​ប្រសាសន៍ថា ដោយបន្ថែមថា“កម្ពុជាមានកំណត់ត្រានៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ ប៉ុន្តែ​COVID-19 គំរាមធ្វើឱ្យថយចុះនូវការរីកចម្រើនក្នុងការកាត់បន្ថយភាពក្រីក្រជាពិសេសក្នុងចំណោម​ក្រុមងាយរងគ្រោះដូចជាស្រ្តីនិងកម្មករចំណាកស្រុក។ លោកបានបញ្ជាក់ថា “ការគាំទ្រ នេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃជំងឺរាតត្បាតនេះលើសុខភាព សង្គម និងសេដ្ឋកិច្ច។ កម្ចីនេះជាផែនការចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតទៅលើការគាំទ្រការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុ សាធារណៈរបស់​កម្ពុជា”។ លោកបានបន្ដថា ប្រទេសកម្ពុជាងាយរងគ្រោះខ្លាំងពីផល​ប៉ះ​ពាល់អវិជ្ជមាននៃ COVID-19 ដោយសារសេដ្ឋកិច្ច​បើកចំហ មូលដ្ឋានសេដ្ឋកិច្ចចង្អៀត ​និង​ប្រជាពលរដ្ឋចល័តច្រើន។ ទន្ទឹមនេះ ADB រំពឹងថាសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់​ចុះក្នុងរង្វង់ -៥,៥ភាគរយក្នុងឆ្នាំ២០២០ដោយសារការថយចុះនៃវិស័យទេសចរណ៍ការនាំចេញសម្លៀក​បំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ តិចជាងមុន និងការចុះថយនៃសកម្មភាពសំណង់។ហានិភ័យ​នៃការធ្លាក់ចុះនេះអាចនឹងនាំឱ្យប្រជាពលរដ្ឋប្រមាណ ១,៣លាននាក់​ទៀតធ្លាក់​ក្នុង​ភាពក្រីក្រ។

សូមរម្លឹកថា កាលពីខែមីនា ឆ្នាំ២០២០នេះ កម្ពុជាប្រកាសដំណើរការការឆ្លើយតប​ស៊ី​ជម្រៅ​ទៅនឹង COVID-19 ជាមួយនឹង​កញ្ចប់ថវិកាវិធានការដំបូងសរុប ៨១៥,៧លាន​ដុល្លារដែលស្មើនឹង៣,២ភាគរយនៃផលិតផលក្នុងស្រុកសរុបរំពឹងទុកសម្រាប់ឆ្នាំ២០២០។ទាំងនេះរួមបញ្ចូលនូវការគាំទ្រទៅលើប្រព័ន្ធសុខាភិបាលដើម្បីត្រៀមបង្ការការ​កើនឡើង​នៃករណីCOVID-19​​​​។ សម្រាប់កម្មករ និងសហគ្រាសដែលរួមមានការចាក់បញ្ចូលដើមទុន​១៥០លានដុល្លារដើម្បីគាំទ្រធនាគារដែលផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូចនិងមធ្យម។កញ្ចប់ ថវិកាគាំទ្រនេះ​រួមមាន៣០០លានដុល្លារ​ សម្រាប់ការផ្តល់ជំនួយជាសាច់ប្រាក់ដល់គ្រួសារ​ក្រីក្រ​និងងាយរងគ្រោះដែលមាន​ក្នុងបញ្ជីទិន្នន័យរបស់រាជរដ្ឋាភិបាល។ ចំពោះបញ្ជីទិន្ន​ន័យ​(IDPoor)នេះ មានបញ្ចូលគ្រួសារក្រីក្រ២,៤លាន​គ្រួសារ ហើយកំពុងត្រូវបានបញ្ចូល​បន្ថែម​គ្រួសារដែលរងប៉ះពាល់ដោយ COVID-19។

កម្មវិធីគាំទ្រការចំណាយ​និងឆ្លើយតប​សកម្មភាពទៅនឹងCOVID-19 របស់ADB (ដែលហៅកាត់ថាCARES) ​ត្រូវបាន​ផ្តល់ថវិកា​តាម​រយៈជម្រើសឆ្លើយតបនឹងជំងឺរាតត្បាតCOVID-19 ​(ហៅកាត់ថា CPRO)ក្រោមការ​ជ្រោម​​ជ្រែង​របស់ADBដើម្បីដោះស្រាយ​ដំណើរសេដ្ឋកិច្ចមិនប្រក្រតី។ CPRO ផ្តួចផ្តើម​ឡើង​តាមរយៈជំនួយរបស់ADBដែលត្រូវបានពង្រីករហូតដល់២០ពាន់លានដុល្លារ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សម្រាប់សមាជិកជាប្រទេស​កំពុងអភិវឌ្ឍន៍ក្នុងការឆ្លើយតបនឹង​ជំងឺរាត​ត្បាត។

ក្រៅពីនេះ កម្មវិធីនេះក៏រួមបញ្ចូលនូវក្របខ័ណ្ឌចូលរួមរបស់ប្រទេស​ដែល​ទទួល​បាន​​ការគាំទ្រ ដើម្បីធានាថារាជរដ្ឋា​ភិបាល និងADB​ បន្តកិច្ចពិភាក្សាគោល​នយោបាយ​ជុំវិញ​ការ​អនុវត្ត និងតាមដានការឆ្លើយតបទៅនឹង COVID-19 របស់កម្ពុជា។ ក្របខ័ណ្ឌនេះ​ក៏រួម​មានការប្រឹក្សាយោបល់ជាមួយវិស័យឯកជន និងអង្គការ​សង្គមស៊ីវិល។ កម្មវិធីនេះ​ក៏ផ្សា​ភ្ជាប់ទៅនឹងសកម្មភាពគាំទ្របច្ចុប្បន្នរបស់ ADB សម្រាប់កំណែទម្រង់ ការគ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈដើម្បីពង្រឹងអភិបាលកិច្ចនិងតម្លាភាពព្រមទាំងបង្កើនប្រសិទ្ធផល​ ក្នុងការ​បង្កើត​គោលនយោបាយ និងថវិកា ការតាមដានការចំណាយ និង​សវន​កម្ម។

កម្មវិធី CARE នេះ​ត្រូវបានបង្កើតឡើងដោយមានការសម្របសម្រួលជាមួយ​ដៃគូ​អភិវឌ្ឍន៍នានា ​និងបំពេញបន្ថែមទៅនឹងការគាំទ្ររបស់ADB​បច្ចុប្បន្នដើម្បីផ្គត់ផ្គង់ឧបករណ៍​ត្រួតពិនិត្យសីតុណ្ហភាពសម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យអន្តរជាតិ និងធានាការផ្តល់បច្ចុប្បន្នភាព ទៀងទាត់ដល់វេបសាយក្រសួងសុខាភិបាលដែលបង្ហាញរបាយការណ៍តាមដានCOVID-19 និងព័ត៌មានពាក់ព័ន្ធផ្សេងៗរាល់ថ្ងៃ។ នេះគឺជាផ្នែកមួយនៃសក្តានុពលភាពដ៏រឹងមាំនៃគម្រោងវិនិយោគនិងជំនួយបច្ចេកទេសដែលផ្សាភ្ជាប់ទៅនឹងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសសម្រាប់កម្ពុជា របស់ADB ចាប់ពីឆ្នាំ២០១៩-២០២៣​ហើយគាំទ្រដល់ការស្តារ​ឡើង​វិញក្រោយពីការរាតត្បាតនៃCOVID-19។ លោក Masatsugu Asakawa បានបញ្ជាក់បន្ថែមថា ធនាគារអភិវឌ្ឍន៍អាស៊ី​ប្តេជ្ញានាំ​មកនូវវិបុលភាពបរិយាប័ន្ន ភាពធន់ និងនិរន្តរភាពសម្រាប់តំបន់អាស៊ី​និងប៉ាស៊ីហ្វិក ​ហើយ​ស្របពេលជាមួយគ្នានេះក៏នឹងបន្តរក្សាចីរភាពនៃកិច្ចខិតខំរបស់ខ្លួនក្នុងការលុបបំបាត់ភាពទីទ័លក្រផងដែរ៕

ប្រភព៖ AKP

អត្ថបទថ្មី
;