អ្នកនាំភ្ញៀវឡើងខ្នងផ្សារ កាន់តែមានជំនាញក្រោយទទួលបានវគ្គបណ្តុះបណ្តាល

  • 2020-07-15 06:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ រៀបចំវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងទេសចរណ៍ផ្សងព្រេងជូនសហគមន៍ទេសចរណ៍តាំងបំពង់ ស្ថិតនៅ ជើងភ្នំខ្នងផ្សារ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅដល់សមាជិកសហគមន៍ដែលជាអ្នកនាំភ្ញៀវទេសចរឡើងភ្នំប្រមាណ ៤០នាក់។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការអនុវត្តស្តង់ដាទេសចរណ៍ផ្សងព្រេង បន្ទាប់ពីតំបន់បានក្លាយជាគោលដៅទេសចរណ៍ផ្សងព្រេងដ៏ពេញនិយមនារយៈពេលចុងក្រោយនេះ ជាពិសេសបន្ទាប់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានជម្រុញឲ្យមានការលេចឡើងនូវទម្រង់ទេសចរណ៍ថ្មីៗ ជាពិសេសទេសចរណ៍ផ្សងព្រេងនេះតែម្តង សំដៅធានាសុវត្ថិភាព និងទំនុកចិត្តភ្ញៀវទេសចរ ក្នុងការទៅកម្សាន្តនៅលើខ្នងភ្នំ។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តា លោក តុប សុភ័ក អនុរដ្ឋលេខាធិការ បានផ្តល់កិត្តិយសចែកវិញ្ញាបនបត្រជូនសិក្ខាកាមដែលបានចូលរួម និងមានមតិសំណេះសំណាលផ្តាំផ្ញើដល់សមាជិកសហគមន៍ទាំងអស់ឲ្យយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្ត រួមចំណែកធ្វើឲ្យតំបន់ខ្នងផ្សារ ជាគោលដៅទេសចរណ៍ផ្សងព្រេងស្របតាមស្តង់ដាក្រសួងទេសចរណ៍ បន្តទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន បង្កើតការងារ បង្កើនចំណូលជូនបងប្អូនប្រជាសហគមន៍ និងរួមចំណែកដល់ការអភិវឌ្ឍនៅមូលដ្ឋាន។

គួរបញ្ជាក់ថា ភ្នំខ្នងផ្សារ ជាតំបន់តំបន់ទេសចរណ៍ផ្សងព្រេងដ៏មានសក្តានុពល កប់ក្នុងព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងស្ថិតនៅទីតាំងប្រសព្វមុំបី រវាងខេត្តបី គឺកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;