ក្រសួងបរិស្ថាន៖ បច្ចុប្បន្នកម្ពុជាមានតំបន់ការពារធម្មជាតិជាង ៦០កន្លែង

  • 2020-07-21 03:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានមានយុត្តាធិការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិជាង ៦០ កន្លែងដែលមានផ្ទៃដីសរុប ៧,៣ លានហិកតាដែលស្មើប្រមាណ ៤១%នៃផ្ទៃដីប្រទេសកម្ពុជា ដែលសម្បូណ៌ទៅដោយជីវៈចម្រុះគ្រប់ប្រភេទ។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបក្រុមអេកូយុវទូតដែលជានិស្សិតមកពីសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ និងមកពីតាមខេត្តកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០។

ពិធីជួបក្រុមអេកូយុវទូតដែលជានិស្សិតមកពីសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ និងមកពីតាមខេត្តដែលមានបំណងស្វែងយល់ពីតួនាទីភារកិច្ចក្រសួងបរិស្ថានជាពិសេសពាក់ព័ន្ធនឹងការអភិរក្សតំបន់ការពារធម្មជាតិស្ថិតនៅក្នុងអាងទន្លេមេគង្គក្នុងប្រទេសកម្ពុជានិងការអភិរក្សសត្វព្រៃ ក៏ដូចជាការងារអប់រំ និងផ្សព្វផ្សាយបរិស្ថាន។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ប្រាប់ដល់ក្រុមអេកូយុវទូត អំពីសសរស្តម្ភទាំង ៤ របស់ក្រសួងបរិស្ថានគឺកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

ជាមួយគ្នានេះ ក្រុមអេកូយុវទូតក៏បានស្តាប់បទបង្ហាញពីកិច្ចការអភិរក្សជីវៈចម្រុះពីលោក ស្រី ស៊ុនលាង ប្រធាននាយកដ្ឋានអភិរក្សដីសើមទឹកសាប និងការអបរំបរិស្ថានពីសំណាក់លោកស្រី មាស ច័ន្ទធីតា អគ្គនាយិការងនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានផងដែរ។ ក្រុមអេកូយុវទូតពិតជារីករាយដែលបានទទួលព័ត៌មានសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការការពារនិងអភិរក្សធនធានធម្មជាតិនិងបានចោទសំណួរជាច្រើនដើម្បីជាការយល់ដឹងបន្ថែម៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;