ដឹងអត់! ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ទើបទទួលបាន​នោះ ប្រទេសណា​ជាអ្នកបោះពុម្ព​ឱ្យ?

  • 2020-08-05 01:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា-វៀតណាម ទើបតែប្រគល់ និងទទួល​យក​ផែនទី​ឋាន​លេខាព្រំដែនគោក​ខ្នាត ១/២៥ ០០០ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ​២០២០។

រូបថត៖ ហ្វេសប៊ុកលោកស្រី កុយ ពិសី
យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​ចម្រុះកិច្ចការព្រំដែន​ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ​២០២០ ឱ្យដឹងថា ផែនទីនេះត្រូវបាន​ធ្វើឡើង​ដោយ​កម្ពុជា និង​វៀតណាម ហើយ​ដែលត្រូវបាន​គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល​ព្រំដែន​គោក​នៃប្រទេសទាំងពីរ ប្រគល់ឱ្យ​ប្រទេសទី៣ ជាអ្នកបោះពុម្ព គឺក្រុមហ៊ុន BLOMINFO A/S នៃប្រទេស​ដាណឺម៉ាក បន្ទាប់ពីការប្រកាស​ដេញថ្លៃជាអន្តរជាតិ តាមកិច្ចព្រមព្រៀងចុះ​ថ្ងៃទី១៣ ខែមករា ឆ្នាំ​២០១១ ដែល​ក្រោយមក​ត្រូវបាន​ផ្ទេរ​បន្តទៅឱ្យ​ក្រុមហ៊ុន NIRAS Mapping A/S ប្រទេស​ដាណឺម៉ាក។

សេចក្តីថ្លែងការណ៍​បញ្ជាក់ទៀតថា ខ្សែព្រំដែន​ដែលមាននៅលើផែនទីនេះ ត្រឹមត្រូវ​តាមខ្សែព្រំដែន​ដូចមាន​នៅលើផែនទីបោន ខ្នាត ១/១០០ ០០០ ដែល​បោះពុម្ពដោយក្រុមភូមិសាស្រ្ត​ឥណ្ឌូចិន លើកលែងតែ​តំបន់មួយចំនួន​ដែលពលរដ្ឋ​នៃប្រទេសទាំងពីរ បាននឹង​កំពុង​រស់នៅដាំដុះអាស្រ័យផលមិន​ស្របតាមខ្សែព្រំដែនផែនទីបោន ខ្នាត ១/១០០ ០០០ តែប៉ុណ្ណោះ។

គណៈកម្មាធិការ​ចម្រុះកិច្ចការព្រំដែន បន្តថា ផែនទីខា្នត ១/២៥ ០០០ ជាផែនទីបង្ហាញ​ពីលទ្ធផល​ប្រមាណ​ជា ៨៤% ដែល​កម្ពុជា និង​វៀតណាម សម្រេចបាន​លើការងារព្រំដែន ជាផែនទី​ផលិត​ឡើង​តាមរយៈការថតរូបភាព​ពីលើ​អាកាស តាមបែប​បច្ចេកវិទ្យាថ្មីទំនើប មានភាពជាក់លាក់ ដែលបង្ហាញ​យ៉ាងច្បាស់​នូវទីតាំង​បង្គោល​ព្រំដែន និងខ្សែព្រំដែន ដែលមានទាំងនិយាមកា និង​ឋានលេខាជាក់លាក់៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;