សម្ព័ន្ធធនាគារ​អេស៊ីលីដា ទទួលបាន​ប្រាក់ចំណេញ​មុន​បង់ពន្ធ ៨១,៣លានដុល្លារ ត្រឹមឆមាស​ទី១ ឆ្នាំនេះ

  • 2020-08-14 09:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា។ ផ្អែកតាមរបាយការណ៍ហិរញ្ញវត្ថុត្រួតពិនិត្យដោយសវនករឯករាជ្យ ដែលបង្ហាញនៅក្នុងគេហទំព័ររបស់ផ្សារមូលបត្រកម្ពុជាព្រឹកនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ សម្ព័ន្ធធនាគារ អេស៊ីលីដា ទទួលបានប្រាក់ចំណេញចំនួន ៨១,៣លានដុល្លារអាមេរិក (ប្រាក់ចំណេញមុនបង់ពន្ធ)។

លោកស្រីម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាហិរញ្ញវត្ថុ និងជាមន្រ្តីទំនាក់ទំនងសាធារណៈ បានបញ្ជាក់ថា “ធនាគារ អេស៊ីលីដា បានចាត់ចែងនិរន្តរភាពអាជីវកម្ម ទាំងវិធានបច្ចេកទេស ធនធានមនុស្ស ទុនហិរញ្ញវត្ថុ សម្រាប់គាំទ្រ កំណើនលូតលាស់ នៃដំណើរការអាជីវកម្មរបស់ខ្លួន ដោយរក្សាបាននូវសុខុមាលភាពហិរញ្ញវត្ថុ ស្របតាមផែនការយុទ្ធសាស្រ្ត។ ជាក់ស្តែងនៅក្នុងឆមាសទី១ ឆ្នាំ២០២០ ស្ថានភាពប្រាក់ចំណេញរបស់ធនាគារទទួលបានជាងពាក់កណ្តាលនៃផែនការអាជីវកម្ម”។

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារធំជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសំពៀតឥណទានសរុប ៣,៩១ ពាន់លានដុល្លារអាមេរិក និងមូលធនសរុប ១,០១ ពាន់លានដុល្លារអាមេរិក៕

អត្ថបទថ្មី
;