កំណើនភ្ញៀវទេសចរ អំឡុងសម្រាក ៥ថ្ងៃ គឺជាក្តីសង្ឃឹមរបស់ប្រជាសហគមន៍ទេសចរណ៍ធម្មជាតិ

  • 2020-08-24 04:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានមានប្រសាសន៍ថា កម្ពុជាទទួលបានសន្ទុះភ្ញៀវទេសចរក្នុងស្រុក ដែលបានធ្វើដំណើរទៅតំបន់រមណីយដ្ឋានធម្មជាតិនានា នៅទូទាំងប្រទេស ក្នុងអំឡុងពេលឈប់សម្រាកសងថ្ងៃចូលឆ្នាំខែ្មរ ចាប់ពីថ្ងៃទី ១៧-២១ ខែសីហា កន្លងទៅនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់។ កំណើនភ្ញៀវទេសចរដើរកម្សាន្តក្នុងអំឡុងសម្រាកសងពិធីបុណ្យចូលឆ្នាំកន្លងមកនេះ គឺជាក្តីសង្ឃឹមរបស់ប្រជាសហគមន៍ទេសចរណ៍ធម្មជាតិ។

តាមរបាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ (១៧-២០ ខែសីហា ឆ្នាំ២០២០) មានភ្ញៀវទេសចរណ៍សរុបចំនួន ១១៦៩៨២៤ នាក់ ដែលបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស ដែលក្នុងនោះគោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តសៀមរាប ខេត្តកែប ខេត្តកំពត ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង និងខេត្តរតនគិរី។ ភ្ញៀវទេសចរភាគច្រើនបានទៅទស្សនាកម្សាន្តនៅតំបន់ទេសភាពធម្មជាតិព្រៃឈើ វាលស្មៅ តំបន់ឆ្នេសមុទ្រ តំបន់ទឹកធ្លាក់ តំបន់បេតិភណ្ឌធម្មជាតិ តំបន់វប្បធម៌ និងសហគមន៍ទេសចរណ៍។

ជាមួយគ្នានេះ សហគមន៍តំបន់ការពារធម្មជាតិ ជាពិសេសសហគមន៍ដែលមានសក្តានុពលធនធានធម្មជាតិ បានរៀបចំ និងទទួលស្វាគមន៍ ភ្ញៀវទេសចរតាមរយៈការផ្តល់សេវាកម្មទេសចរណ៍សំខាន់ៗរួមមាន៖ ចំណត កន្លែងអង្គុយសម្រាកលំហែជាលក្ខណៈគ្រួសារ ម្ហូបអាហារសហគមន៍ សេវាកម្មដឹកជញ្ជូន និងនាំភ្ញៀវ (គោយន្ត ទូក មគ្គុទេសក៏សហគមន៍) ផ្ទះស្នាក់ បោះតង់ ទឹកធ្លាក់ ការទស្សនាតំបន់ឆ្នេរសមុទ្រ និងការសំដែងសិល្បះ របាំវប្បធម៌ នៅតាមមូលដ្ឋាន ដែលសេវាកម្មទាំងនេះ បានផ្តល់ នូវប្រាក់ចំណូលផ្ទាល់ និងចំណូលប្រយោលដល់សហគមន៍មូលដ្ឋាន។

និន្នាការកើនឡើង នូវភ្ញៀវទេសចរទៅកាន់តំបន់ការពារធម្មជាតិ គឺជាសញ្ញាណថ្មីបង្ហាញថា ប្រជាជនកម្ពុជាយើង កាន់តែបណ្តុះ គំនិតស្រលាញ់ធម្មជាតិ និងចូលរួមថែរក្សា ស្តារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក៏ដូចជាការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។

តាមការអង្កេតតាមសហគមន៍ទេសចរណ៍ចំនួន ២០ ក្នុងតំបន់ការពារធម្មជាតិ បានបង្ហាញថា ក្នុងរយៈពេលឈប់សម្រាកចំនួន ៥ថ្ងៃ (១៧-២១ សីហា ឆ្នាំ២០២០) បង្ហាញថា មានភ្ញៀវទេសចរ ចំនួន ១០០ ០០០នាក់ (ក្នុងនោះទេសចរអន្តរជាតិចំនួន ៧០០នាក់) បានធ្វើដំណើរទៅលំហែកម្សាន្តនៅ តាមសហគមន៍។

ក្នុងនោះសហគមន៍ជាគោលដៅទេសចរណ៍សំខាន់រួមមាន៖

១. សហគមន៍ទេសចរណ៍បឹងយក្ខឡោម (ខេត្តរតនគិរី)៖ មានភ្ញៀវទេសចរចំនួន ២៤៩៥៨នាក់

២. សហគមន៍ទេសចរណ៏ទឹកធ្លាក់ថ្មក្រាល (ខេត្តកំពង់ឆ្នាំង)៖ មានភ្ញៀវទេសចរចំនួន ១១៩៦៣នាក់

៣. សហគមន៍ទេសចរណ៍ពាមក្រសោប (ខេត្តកោះកុង)៖ មានភ្ញៀវទេសចរចំនួន ១១០២១នាក់

៤. សហគមន៍ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង(ខេត្តពោធិ៍សាត់)៖មានភ្ញៀវទេសចរចំនួន១០១១៨នាក់

៥. សហគមន៍ទេសចរណ៍ស្រែអំពិល (ខេត្តកំពង់ឆ្នាំង)៖ មានភ្ញៀវទេសចរសរុបចំនួន៩៤៨៧នាក់

៦. សហគមន៍ទេសចរណ៍បឹងលំកុដ (ខេត្តរតនគិរី)៖ មានភ្ញៀវទេសចរចំនួន ៧៤២១នាក់

៧. សហគមន៍ទេសចរណ៍ទឹកធ្លាក់ភ្នំជ្រាវ (ខេត្តកំពង់ស្ពឺ)៖ មានភ្ញៀវទេសចរសរុបចំនួន ៧២៤៣នាក់

៨. សហគមន៍ទេសចរណ៍ថ្មរូង (ខេត្តព្រះសីហនុ)៖ មានភ្ញៀវទេសចរចំនួន៥០៥៧នាក់

៩. សហគមន៍ទេសចរណ៍ព្រែកត្នោត (ខេត្តកំពត)៖ មានភ្ញៀវទេសចរចំនួន ៣៧៨១ នាក់

១០. សហគមន៍ទេសចរណ៍អូរ ជាំ(ខេត្តបាត់ដំបង)៖ មានភ្ញៀវទេចរចំនួន ១៧៩៤នាក់

តាមការអង្កេតជាបឋមបានបង្ហាញថាភ្ញៀវទេសចរម្នាក់បានចំណាយជាមធ្យមនូវថវិកាចំនួន ២៥ ដុល្លារអាមេរិកក្នុងចំនួន១ថ្ងៃ លើមធ្យោបាយធ្វើដំណើរ អាហារ ការស្នាក់នៅ បញ្ជចូលទស្សនា កន្លែងឬតូបអង្គុយសម្រាកលំហែ និងសេវាកម្មទេសចរណ៍ផ្សេងទៀតក្នុងសហគមន៍៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;