ទូត​ទីម័រ លើកឡើង​ពី​អនាគត​ក្រុងព្រះសីហនុ

  • 2020-08-27 02:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Krmenegildo Kupa Lopes ឯកអគ្គរដ្ឋទូត​ទីម័រខាងកើត ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា ទៅថ្ងៃអនាគត​ក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងហុងកុងថ្មីរបស់​ប្រទេសកម្ពុជា។ ការថ្លែងនេះ ធ្វើឡើង​ក្នុងជំនួប​ជាមួយលោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០២០។

លោក​ឯកអគ្គរដ្ឋទូតបន្តថា ទន្ទឹមនឹង​ការរីក​ចម្រើន​របស់​ខេត្ត​ព្រះសីហនុ ក៏មាន​បរទេស​មួយចំនួន​មិន​សប្បាយចិត្ត និងបាន​ធ្វើការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាលចិនបានយកខេត្តព្រះសីហនុធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ដែលការលើកឡើងទាំងនេះមិនមែនជាការពិតនោះឡើយ ព្រោះលោក​បានមកធ្វើទស្សនកិច្ច និងបានចុះទៅពិនិត្យដោយផ្ទាល់។

នៅក្នុងជំនួបពិភាក្សានាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តប៉ូលសេដ្ឋកិច្ចពហុបំណង ដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះខេត្តមានសក្តានុពលជាច្រើន រួមមានវិស័យឧស្សាហកម្មពាណិជ្ជកម្ម និងទេសចរណ៍។ល។ ខេត្តមានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងមានកំពង់ផែអន្តរជាតិទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្លាស់ប្ដូរទំនិញឆ្លងកាត់ទៅកាន់បណ្ដាប្រទេសនៅទូទាំងពិភពលោក។ ទាំងអស់នេះហើយដែលធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងបានផ្តល់លទ្ធភាពឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុ។

ក្រៅពីនោះខេត្តក៏មានឆ្នេរសាច់សល្អស្អាត និងវែងជាងគេ ទាំងដីគោក និងនៅតាមតំបន់ឆ្នេរកោះ ដែលអាចទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិអន្តរជាតិ អ្នកវិនិយោគ មកបណ្ដាក់ទុន និងលំហែកម្សាន្ត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;