ផែនទីព្រំដែនកម្ពុជា-វៀតណាម ខ្នាត ១/២៥០០០ ដល់ដៃក្រសួង ស្ថាប័ន ចំនួន៣៥ របស់កម្ពុជា

  • 2020-08-27 05:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានប្រគល់ផែនទីព្រំដែនកម្ពុជា-វៀតណាម ខ្នាត ១/២៥០០០ជូនដល់ក្រសួង ស្ថាប័ន និងអង្គភាព ចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់។

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងក្នុងពិធីប្រគល់ផែនទីព្រំដែនកម្ពុជា-វៀតណាម ខ្នាត ១/២៥០០០ ព្រឹកមិញ
ពិធីប្រគល់នេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែសីហា ២០២០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមានការចូលរួមពី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ, លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី និងសំណង់, លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផង។
សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ផែនទីព្រំដែនកម្ពុជា-វៀតណាម ខ្នាត ១/២៥០០០ ដល់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ លោក ប្រាក់ សុខុន

ការរៀបចំប្រគល់ទទួលផែនទីនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ៕

សូមបញ្ជាក់ថា ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ត្រូវបាន កម្ពុជា- វៀតណាម រៀបចំពិធីពិធីប្រគល់ និងទទួល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម។

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;