ពូទីន​ថា រុស្ស៊ី​រៀបចំ​កម្លាំង​រួចជាស្រេច ត្រៀម​បញ្ជូន​ទៅអន្តរាគមន៍​នៅ​បេឡារុស

  • 2020-08-28 03:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​អះអាងថា រុស្ស៊ី​បានបង្កើត​កម្លាំងប៉ូលិសបម្រុងមួយ​រួចជាស្រេច ដើម្បី​ត្រៀមបញ្ជូនទៅធ្វើអន្តរាគមន៍​នៅប្រទេសបេឡារុស ក្នុងករណីចាំបាច់ ខណៈ​ដែល​ប្រទេស​នេះ​កំពុងរាំរ៉ៃដោយការធ្វើមហាបាតុកម្ម​ប្រឆាំងនឹងរដ្ឋាភិបាល ពោលគឺ​ប្រឆាំងនឹង​លទ្ធផលបោះឆ្នោត។ លោក​ថ្លែងដូច្នេះ តាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០២០។

លោក ពូទីន បញ្ជាក់​ដូច្នេះថា៖ «ប្រធានាធិបតីបេឡារុស Alexander Lukashenko បាន​ស្នើសុំឱ្យខ្ញុំ​បង្កើត​ប៉ូលិសបម្រុង១ក្រុម ហើយ​ខ្ញុំបាន​បង្កើត​រួចហើយ​ដែរ។ យើង​ក៏បាន​ឯកភាព​គ្នាដែរថា កម្លាំងប៉ូលិសនេះ នឹងមិនត្រូវបញ្ជូនទៅឡើយ ប្រសិនបើស្ថានការណ៍​នៅបេឡារុស អាចបន្តគ្រប់គ្រងបាន»។

លោក ពូទីន លើកឡើងទៀតថា រុស្ស៊ី​មាន​កាតព្វកិច្ចជួយដល់សន្តិសុខប្រទេសបេឡារុស ក្រោមភាពជាដៃគូសម្ព័ន្ធមិត្ត ហើយ​លោក​ក៏បានសង្កត់ធ្ងន់ពី​ចំណងវប្បធម៌ ភាសា ដ៏ស្អិតរមួត​រវាង​ប្រទេស​ទាំងពីរផងដែរ។

ប្រធានាធិបតីរុស្ស៊ី បញ្ជាក់​ថា កម្លាំងអន្តរាគមន៍នេះ នឹងមិនបញ្ជូនទៅបេឡារុសឡើយ ប្រសិនបើ​ក្រុមជ្រុលនិយម​ក្នុងចំណោម​អ្នកធ្វើបាតុកម្មនោះ មិន​បាន​បង្កហិង្សាដូចជាដុតឡាន ឆ្លៀតប្លន់ផ្ទះ ធនាគារ និងកាន់កាប់អគាររដ្ឋាភិបាលទេនោះ៕

ប្រភព៖ BBC

អត្ថបទថ្មី
;