ស្វីស ប្ដេជ្ញាបន្តជួយបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់ពលរដ្ឋកម្ពុជា ៤ឆ្នាំទៀត

  • 2020-09-03 02:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលស្វីសនឹងបន្តជួយគាំទ្រលើគម្រោងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅខេត្តភាគខាងជើង និងភាគឦសាន រយៈពេល៤ឆ្នាំទៀត។ ការឱ្យដឹងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ម៉ាខឺស ប័រលី (Markus Buerli) នាយកការិយាល័យសហប្រតិបត្តិការស្វីស នៃស្ថានអគ្គកុលស៊ុលស្វីសប្រចាំកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

លោក ម៉ាខឺស ប័រលី បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២-២០២៥ ខាងមុខ រដ្ឋាភិបាលប្រទេសស្វីសនឹងដាក់ចុះគម្រោងអភិវឌ្ឍន៍ធំថ្មីមួយទៀត ដែលនឹងអនុវត្តតាមប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ គម្រោងនេះនឹងត្រូវអនុវត្តលើវិស័យជាច្រើន ដូចជា វិស័យទេសចរណ៍ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ថ្មី ២០២២-២០២៥ នេះទៀតសោត ស្វីសនឹងបន្តជួយអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជានៅតាមខេត្តភាគខាងជើង និងភាគឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។

លោក ថោង ខុន ក៏បានបង្ហាញព័ត៌មានពិសេសមួយទៅកាន់លោក ម៉ាខឺស ដែរថា ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំផែនទីចង្អុលទិស ឆ្នាំ២០២០-២០២៥ ដែលនឹងមានការចែកចេញជា៣ដំណាក់កាល រួមមាន៖

  • ឆ្នាំ២០២០-២០២១ ជាដំណាក់កាលមុនការងើបឡើងវិញនូវវិស័យទេសចរណ៍ ដែលស្ថិតក្នុងពេលគ្រប់គ្រងវិបត្តិ
  • ឆ្នាំ២០២១-២០២៣ ជាដំណាក់កាលដោះស្រាយផលលំបាកនានាដែលកើតចេញពីវិបត្តិជំងឺកូវីដ ដើម្បីជួយដល់វិស័យទេសចរណ៍
  • ឆ្នាំ២០២៣-២០២៥ ជាដំណាក់កាលពង្រឹងវិស័យទេសចរណ៍ឡើងវិញ ដើម្បីវឌ្ឍនភាពទៅថ្ងៃអនាគត។

លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើផ្នែកទេសចរណ៍សហគមន៍ ដើម្បីធ្វើយ៉ាងបង្កើនការបណ្ដុះបណ្ដាលលើផ្នែកគុណភាពសេវាកម្មទេសចរណ៍ដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋមូលដ្ឋានឱ្យបានកាន់តែច្រើន ហើយឆ្លើយតបទៅនឹងបរិបទថ្មីក្រោយវិបត្តិជំងឺកូវីដ ឬ New Normal Life។ ចំពោះសំណើនេះ លោក ម៉ាខឺស ប័រលី មានការពេញចិត្តយ៉ាងខ្លាំងក្នុងការទទួលយកទៅពិចារណា។

សូមជម្រាបថា កន្លងមក កម្ពុជា-ស្វីស ធ្លាប់បានសហការគ្នាលើការអភិវឌ្ឍន៍ទេសចរណ៍ តួយ៉ាងមានដូចជា គម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជនកម្ពុជា ដើម្បីឱ្យពួកគេមានចំណេះជំនាញស្របតាមស្ដង់ដាអាស៊ាន។ ក៏មានដែរនូវការជួយរៀបចំស្ដង់ដាទទួលស្គាល់អ្នកដែលមានការងារក្នុងវិស័យទេសចរណ៍ តែមិនទាន់មានវិញ្ញាបនបត្រ ឬសញ្ញាបត្រ ខណៈគម្រោងទាំងនេះសុទ្ធមានរយៈពេល៤ឆ្នាំដូចគ្នា។

ជាមួយគ្នានោះ ក៏មានកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់គ្រួសារដែលងាយរងគ្រោះ ឬគ្រួសារពលរដ្ឋនៅខេត្តសៀមរាប ដែលមានទំនោរចង់ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដើម្បីឱ្យពួកគេមានជំនាញផ្ទាល់ខ្លួន ហើយងាកមកចាប់យកការងារលើវិស័យទេសចរណ៍ក្នុងប្រទេស ឬក្នុងមូលដ្ឋានរបស់ខ្លួនវិញ។

កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការ Swiss contact លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី។ កម្មវិធីបណ្ដុះបណ្ដាលនេះក៏ត្រូវមានការឆ្លើយតបទៅនឹងស្ដង់ដាអាស៊ាន ហើយក៏ឆ្លើយតបទៅនឹងរបៀបរបបនៃការរស់នៅថ្មី ឬ New Normal Life ក្នុងពេលមានវិបត្តិជំងឺកូវីដ និងក្រោយពេលវិបត្តិនេះផងដែរ។

មិនតែប៉ុណ្ណោះ ស្វីសថែមទាំងបានចូលរួមជួយកម្ពុជាក្នុងការរៀបចំស្ដង់ដាអាស៊ានចំនួន ២ គឺស្ដង់ដាស្ប៉ា-ម៉ាស្សា និងស្ដង់ដា MICE ដែលកម្ពុជាដឹកនាំលើការងារនេះ។ បន្ទាប់ពីរៀបចំស្ដង់ដាអាស៊ានទាំងពីរនេះបានហើយ ស្វីសក៏កំពុងពិចារណាលើគម្រោងកម្មវិធីជួយបណ្ដុះបណ្ដាលជំនាញស្ប៉ា-ម៉ាស្សា និងជំនាញ MICE នេះដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;