ចាប់ពីខែក្រោយ ស្រុកបន្ទាយស្រី នឹងមានឡដុតសំរាមហើយ!

  • 2020-09-04 04:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់ពីខែក្រោយទៅ រដ្ឋបាលស្រុកបន្ទាយស្រីនឹងចាប់ផ្តើមដំណើរការប្រមូលយកសំរាមមកពីតាមភូមិទាំងអស់ ដើម្បីយកមកដុតនៅទីនេះ ដែលជាជំហានដំបូងក្នុងការដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងនៅក្នុងស្រុក។ នេះបើតាមការបញ្ជាក់នៅលើ ហ្វេសបុក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅថ្ងៃទី ៤ កញ្ញា ២០២០។

លោកអភិបាលស្រុក បានបន្តថាកន្លែងរក្សាទុកសំរាមបណ្តោះអាសន្ននៅតាមភូមិ ដែលត្រូវបានរៀបចំរួចជាស្រេចនៅគ្រប់ភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីកាលពីពេលថ្មីៗនេះ នឹងក្លាយទៅជាកន្លែងប្រមូលផ្តុំសំរាមសាធារណៈរបស់ភូមិ ដែលបងប្អូនអ្នកភូមិទាំងអស់អាចយកសំរាមមកបោះចោលដោយឥតគិតថ្លៃបាន តែនឹងមានតម្រូវឱ្យមានការវេចខ្ចប់ទុកដាក់ត្រឹមត្រូវ ងាយស្រួលក្នុងការប្រមូលយកបន្តទៅដុតនៅឡដុតសំរាមថ្នាក់ស្រុកជាប្រចាំ។

លោកបន្ថែមថា យន្តការនេះគឺជាដំណោះស្រាយបឋម តែទៀងទាត់និងជាប្រចាំ ដើម្បីដោះស្រាយបញ្ហាកកស្ទះសំរាមនៅក្នុងភូមិ និងនៅរាយប៉ាយនៅតាមទីសាធារណៈ ដែលចេះតែកើនឡើងបន្តិចម្តងៗ មិនអាចដុតកប់នៅតាមផ្ទះរៀងៗខ្លួនបានអស់ និងមិនដឹងយកទៅចោលនៅទីណាបាន។ បូកផ្សំនឹងយុទ្ធនាការបរិស្ថានដែលតម្រូវឱ្យមេភូមិទាំងអស់ដឹកនាំការរើសសំរាមនៅក្នុងភូមិយ៉ាងតិចមួយខែម្តង សង្ឃឹមថាបញ្ហាសំរាមនៅក្នុងភូមិនីមួយៗនឹងត្រូវបានកាត់បន្ថយ។

ដោយឡែក សេវាប្រមូលសំរាមយកកម្រៃនៅតាមផ្ទះ អាជីវកម្ម និងតាមទីប្រជុំជននានា ដែលជាយន្តការអចិន្ត្រៃយ៍និងពេញលេញ នឹងត្រូវបានរៀបចំបន្ថែមផ្សេងទៀតនាពេលខាងមុខ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកភាពងាយស្រួល និងសេវាប្រមូលដល់ផ្ទះ៕

ប្រភព៖ ហ្វេសបុក លោក ឃឹម ហ្វីណង់

អត្ថបទថ្មី
;