ទ័ព​ចក្រភព​ម៉ុងហ្គោល ​ឆ្លង​សមុទ្រទៅ​ឈ្លានពានជប៉ុន ២ដង សុទ្ធតែ​​បរាជ័យរាល់លើក (មានវីដេអូ)

  • 2020-09-07 07:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចក្រភពម៉ុងហ្គោល បាន​វាតទី​ក្នុងពិភពលោក​ ចាប់ពីអាស៊ី ដល់អឺរ៉ុបខាងកើត និងរុស្ស៊ី ពីឆ្នាំ​១២០៦ ដល់ ១២៩៤។ ក្នុង​អាស៊ី មានតែ​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ដែលរួចផុតពីការត្រួតត្រារបស់ម៉ុងហ្គោល ក្រៅពីនោះ ក៏មាន​ជប៉ុនមួយផងដែរ។

ម៉ុងហ្គោល ក្រោមការ​ដឹកនាំ​របស់​អធិរាជគូប៊ីឡៃខាន់ បាន​បញ្ជូនទ័ព​ទៅ​ឈ្លានពាន ជប៉ុន ២ដង នៅក្នុងឆ្នាំ​១២៧៤ និង ១២៨១ ប៉ុន្តែសុទ្ធតែមិនបានសម្រេច។ ទ័ពម៉ុងហ្គោល​រាប់ម៉ឺននាក់ បាន​ធ្វើដំណើរតាម​សំពៅ​​ដែល​សង់ដោយ​ចិន និងកូរ៉េ (​ប្រទេសទាំងពីរ ស្ថិតក្រោម​ការត្រួតត្រាម៉ុងហ្គោល) ឆ្លងកាត់​សមុទ្រសំដៅ​ទៅវាយប្រហារកោះ Kyushu នៃប្រទេសជប៉ុន។

ការឈ្លានពានលើកទីមួយ ក្នុងឆ្នាំ​១២៧៤ កងទ័ពម៉ុងហ្គោល​ ប្រមាណពី ១៦០០០នាក់ ទៅ ៤ម៉ឺននាក់ បានជិះលើ​សំពៅ ៨០០គ្រឿង ចេញពីកូរ៉េ ទៅវាយប្រហារកោះ ២របស់ជប៉ុន គឺ Tusuhima និង Iki ដោយម៉ុងហ្គោល​ទទួលបាន​ជោគជ័យ។ គោលដៅបន្ទាប់របស់ទ័ពម៉ុងហ្គោលគឺ​ Hakata Bay នៃកោះ Kyushu។

ជប៉ុន បានរៀបចំ​ប្រព័ន្ធការពាររួចជាស្រេច បើទោះបីជាមានទ័ពត្រឹម ៥ពាន់នាក់ក៏ដោយ។ យ៉ាងណាមិញ ម៉ុងហ្គោលមិនបានវាយចូលជ្រៅក្នុងទឹកដីជប៉ុនឡើយ នេះក៏ដោយសារតែបញ្ហាខ្វះខាតស្បៀង ដែលជាមូលហេតុដ៏ធំមួយ។ ក្រោយមកមិនបានប៉ុន្មានថ្ងៃ ទ័ពម៉ុងហ្គោលត្រូវបាន​ដកចេញពី Hakata Bay មក​កូរ៉េវិញ។

​ការចេញទៅ​ឈ្លានពាន​ជប៉ុនលើកទី២ របស់ម៉ុងហ្គោលក្នុងឆ្នាំ ១២៨១ គឺកាន់តែធំជាងមុន បន្ទាប់ពី​ម៉ុងហ្គោលផ្តួលរំលំ​រាជវង្សសុងទាំងស្រុង ដោយ​មានទ័ព​ប្រមាណ១០ម៉ឺននាក់ ជិះ​សំពៅប្រមាណ ៤៤០០គ្រឿង។ ទ័ព​ម៉ុងហ្គោល បានបើកការវាយប្រហារលើកោះ Tsushima និង Hakata Bay ម្តងទៀត ហើយលើកនេះទ័ពជប៉ុន​ក៏បាន​ពង្រឹងប្រព័ន្ធការពារ​ខ្លាំងជាងមុខផងដែរ។

ម៉ុងហ្គោល ដោយ​មានទ័ព​ជំនួយបន្ថែម ៤ម៉ឺននាក់ទៀត បាន​វាយលុកចូលតំបន់ Takashima។ សមរភូមិ​នេះ គឺមានការប្រយុទ្ធគ្នាយ៉ាងសាហាវជាទីបំផុត​អស់រយៈពេលជាច្រើនសប្តាហ៍។ ឧបសគ្គដ៏ធំបំផុត​របស់ម៉ុងហ្គោលលើកនេះ គឺមានខ្យល់ព្យុះមួយ​បានកម្ទេច​​សំពៅ​ម៉ុងហ្គោលប្រមាណ ២ភាគ ៣ ដែល​ធ្វើឱ្យកងទ័ពជាច្រើនបានស្លាប់។ ពេលនោះ​ ម៉ុងហ្គោល​ក៏សម្រេចដកទ័ពចេញវិញ ​ដោយជប៉ុន ទទួលបាន​ជ័យជម្នះ៕

សូមទស្សនាវីដេអូបន្ថែមខាងក្រោម៖

ប្រភព៖ BBC

អត្ថបទថ្មី
;