ជប៉ុន ចាប់ផ្តើម​គម្រោង​ស្រាវជ្រាវ​ផលិត​ថ្នាំ​ព្យាបាល​មហារីក ជាមួយប្រទេសអាស៊ាន ៥

  • 2020-09-09 02:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជប៉ុន បាន​ចាប់ផ្តើមគម្រោង​មួយ​ដែលសហការ​ជាមួយ​ប្រទេសអាស៊ានចំនួន៥រួមមាន ម៉ាឡេស៊ី វៀតណាម ថៃ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ដើម្បីអភិវឌ្ឍឱសថ​ព្យាបាល​ជំងឺមហារីក និង​ថ្នាំព្យាបាលជំងឺថ្មីៗផ្សេងទៀត ដើម្បី​បង្កើនប្រសិទ្ធភាព​នៃការព្យាបាល​ដល់​អ្នកជំងឺ។ នេះបើតាម​ការប្រកាស​របស់​មជ្ឈមណ្ឌល​ជំងឺមហារីកនៃប្រទេស​ជប៉ុន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២០។

គម្រោង​នេះ មានទិសដៅ​អភិវឌ្ឍ​វិធីព្យាបាល​ប្រភេទ​ជំងឺមហារីកប្លែកៗដែល​កម្រ ព្រមទាំងផ្តល់ឱកាស​សម្រាប់​ប្រជាជន​ដែល​រស់នៅ​ក្រៅប្រទេសជប៉ុន អាចទទួលបាន​ការព្យាបាល​បែបទំនើបនេះ។

មជ្ឈមណ្ឌលនេះ បាន​លើកឡើង​ថា ប្រទេស​ក្នុងតំបន់អាស៊ាន​ គឺខ្វះនូវ​ប្រព័ន្ធវេជ្ជសាស្រ្ត ក្នុង​ការ​ដោះស្រាយ​បញ្ហាជំងឺ​មហារីក ដែល​កំពុងមានអ្នកជំងឺ​កើនឡើង​ច្រើន។ ជាមួយគ្នានេះ អ្នកជំនាញ​ជប៉ុន នឹង​ចូលរួម​ចែក​រំលែក​ពី​ការព្យាបាល​ជំងឺមហារីក តាមរយៈ​កម្មវិធី​សិក្សា និង​ការបណ្តុះបណ្តាល​នានា។

មជ្ឈមណ្ឌល​ជំងឺមហារីកនៃប្រទេស​ជប៉ុន កំពុងពិចារណា​បង្កើតប្រព័ន្ធទិន្នន័យមួយ​សម្រាប់​ជំងឺមហារីកប្លែកថ្មីៗផងដែរ។

លោក Kenichi Nakamura ប្រធានផ្នែកស្រាវជ្រាវមួយរូបនៃមជ្ឈមណ្ឌលនេះ បាន​និយាយថា៖ «យើងចង់​បង្កើត​នូវ​គម្រោង​អភិវឌ្ឍន៍មួយសម្រាប់​ឱសថ និង​ការព្យាបាល​ជំងឺ​មហារីក នៅតំបន់អាស៊ី ដើម្បីដើរឱ្យទាន់​អឺរ៉ុប ​និង​សហរដ្ឋអាមេរិក»៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;