រាជរដ្ឋាភិបាល​កម្ពុជា រៀបចំផែនការទេសចរណ៍ក្នុងខេត្តមួយនេះ ដើម្បី​បង្កើនចំណូលជាតិ

  • 2020-09-09 04:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍ បាន​ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុង​រៀបចំ​ផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ដើម្បីបង្កើនចំណូលជូនជាតិ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន។

កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០២០ លោក អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប, លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

«ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)» សិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ថោង ខុន ត្រូវបានរំពឹងថានឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្នក៏ដូចជាអនាគត ឆ្លើយតបនឹងឥទ្ធិពលនៃជំងឺឆ្លងកូវីដ-១៩ (COVID-19) ជាពិសេស ត្រូវសម្រេចឱ្យបាននូវបំណងប្រាថ្នារួមរបស់រាជរដ្ឋាភិបាល ដើម្បីជាអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ដូចខាងក្រោម៖

ទី១៖ ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈជា សកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត ។

ទី២៖ ធានាឱ្យបាននូវផលប្រយោជន៍សង្គម-សេដ្ឋកិច្ច ជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្រ្តអង្គរ, តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប, តំបន់ទន្លេសាប, ឧទ្យានជាតិភ្នំគូលែន និងតំបន់ជនបទដែលជាគោលដៅទេសចរណ៍ ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ ។

ទី៣៖ ខេត្តសៀមរាប ត្រូវតែជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរ ដែលមានគុណភាពមកកម្សាន្ត ម្តងហើយម្តងទៀត ស្នាក់នៅយូរ និងចំណាយច្រើន អាចបង្កើននូវចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាប័ន្ន ។

លើសពីនេះ «ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) ក៏នឹងឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុក «វិស័យទេសចរណ៍ជាមាសបៃតង» ក្នុងការចូលរួមដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញ ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព (Alternative Tourism/Quality Destination) មានការគ្រប់គ្រងលើការអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិឱ្យបានជាអតិបរមា សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនដង ពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ ដើម្បីបង្កើននូវប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន ។

តាមការព្យាករក្នុងឆ្នាំ ២០៣៥ ទេសចរអន្តរជាតិនាំមកនូវចំណូលចំនួន ៤៧៦៥លានដុល្លារ និងទេសចរជាតិ នាំមកនូវចំណូលចំនួន ១២៨០លានដុល្លារ ។

ជារួម, ចក្ខុវិស័យរបស់ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) គឺ «ការក្តាប់យកមកវិញនូវមោទនភាព ជាគោលដៅទេសចរណ៍ចម្បងបំផុត របស់វិស័យទេសចរណ៍កម្ពុជា និងជាគោលដៅទេសចរណ៍ចម្បង ក្នុងតំបន់អាស៊ីអាគ្នេយ៍» ។

ដើម្បីសម្រេចបានចក្ខុវិស័យខាងលើនេះ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)» បានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចំនួន ០៧ រួមមាន៖

១៖ យុទ្ធសាស្រ្ដអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពខេត្តសៀមរាប

២៖ យុទ្ធសាស្រ្ដវិនិយោគទេសចរណ៍ និងការអភិវឌ្ឍរបៀងទេសចរណ៍ថ្មីៗក្នុងខេត្តសៀមរាប

៣៖ យុទ្ធសាស្រ្ដអភិវឌ្ឍន៍ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់

៤៖ យុទ្ធសាស្រ្ដពង្រឹងគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប

៥៖ យុទ្ធសាស្រ្ដក្នុងការគ្រប់គ្រងបរិស្ថានខេត្តសៀមរាប

៦៖ យុទ្ធសាស្រ្ដអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ខេត្តសៀមរាប

៧៖ យុទ្ធសាស្រ្ដអភិបាលកិច្ចសម្រាប់ទ្រទ្រង់ ការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប (ក្នុងនោះមានយុទ្ធសាស្រ្តចំនួន ៤៦ សកម្មភាពអនុវត្តចំនួន ១៥១ ដែលបានកំណត់រយៈពេលនៃការអនុវត្ត: រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង)៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;