ប្រទេស​នេះ នឹងទទួលបាន​វ៉ាក់សាំងប្រឆាំងកូវីដទី១ក្នុងលោក ពីរុស្ស៊ី នៅខែវិច្ឆិកាខាងមុខ

  • 2020-09-12 02:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនមូលនិធិ​វិនិយោគ​ផ្ទាល់របស់រុស្ស៊ី ហៅកាត់ថា RDIF បាន​ប្រកាសថា រុស្ស៊ី នឹងផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ១៩ Sputnik V ចំនួន ៣២លានដូស ទៅប្រទេសម៉ិចស៊ីកូ ដោយរំពឹងថា​នឹងអាច​បញ្ជូនទៅ​ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ​២០២០ខាងមុខ បន្ទាប់ពីទទួលបាន​ការយល់ព្រម​ពីរដ្ឋាភិបាល​ម៉ិចស៊ីកូ។

លោក Kirill Dmitriev នាយកប្រតិបត្តិ​ក្រុមហ៊ុនRDIF បាន​ថ្លែងថា នៅក្នុង​ការស្ទង់មតិ​ថ្មីៗនេះ​បង្ហាញថា ប្រជាជន​ម៉ិចស៊ីកូ ប្រមាណ ៦៦% គឺ​បាន​ជឿទុកចិត្ត​លើវ៉ាក់សាំង Sputnik V។ ការ​ផ្គត់ផ្គង់​នេះ នឹង​ជួយ​ឱ្យ​ប្រជាជន​ម៉ិចស៊ីកូ ប្រមាណ២៥% ទទួលបាន​វ៉ាក់សាំងដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព។

គួររំលឹក​ថា វ៉ាក់សាំង Sputnik V ត្រូវបាន​ចុះបញ្ជី​អនុញ្ញាត​ឱ្យប្រើប្រាស់​កាលពីថ្ងៃទី១១ ខែសីហា ដែល​ធ្វើឱ្យវា​ក្លាយជា​វ៉ាក់សាំងប្រឆាំង​មេរោគកូវីដ១៩ ទីមួយ​ក្នុងពិភពលោក។ បន្ទាប់មកនៅថ្ងៃទី៧ ខែកញ្ញា រុស្ស៊ី បាន​ប្រកាស​បញ្ចេញ​វ៉ាក់សាំងនេះ​ឱ្យ​ចរាចរជាសាធារណៈ។ ក្រៅពីម៉ិចស៊ីកូ ប្រទេស​មួយចំនួនទៀត​ដែលបាន​បង្ហាញការចាប់អារម្មណ៍លើវ៉ាក់សាំងនេះ រួមមាន អារ៉ាប់រួម, អារ៉ាប៊ី សាអ៊ូឌីត, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ប្រេស៊ីល និង​ឥណ្ឌាជាដើម។

ក្រុមហ៊ុន RDIF ក៏បាន​ឱ្យដឹងដែរថា ខ្លួន​បាន​ចុះកិច្ចព្រមព្រៀង​ក្នុងការ​បញ្ជូនវ៉ាក់សាំង Sputnik V ទៅកាន់រដ្ឋ Bahia នៃប្រទេសប្រេស៊ីល​ផងដែរ ដោយ​រដ្ឋនេះ​គ្រោងនឹងទិញវ៉ាក់សាំង ៥០លានដូស។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានកិច្ចព្រមព្រៀង​ជាមួយប្រទេសកាហ្សាក់ស្ថាន ដែល​គ្រោងទិញវ៉ាក់សាំងនេះ ២លានដូស ហើយក៏គ្រោងនឹងបង្កើនដល់ ៥លានដូសថែមទៀតផង។

ជារួម ក្រុមហ៊ុន RDIF អះអាងថា ប្រជាជនលើពិភពលោក​ជាង ១ពាន់លាននាក់ នឹងទទួលបាន​វ៉ាក់សាំង​ Sputnik V៕

ប្រភព៖ europeanpharmaceuticalreview

អត្ថបទថ្មី
;