តើការ​បោះ​បាយ​បិណ្ឌ ចាប់ផ្តើម​តាំងពីពេល​ណាមក?

  • 2020-09-12 02:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះ​ភិក្ខុ វ៉ង់ សុភស្ត ដែល​ជា​សាស្រ្តា​ចារ្យ​ផ្នែក​ទស្សនវិជ្ជានៃ​ពុទ្ធិកសាលកវិទ្យា​ព្រះ​សីហនុរាជ​ បានមានសង្ឃដីកាថា ក្នុង​សម័យ​ពុទ្ធកាល​មិន​មាន​ការ​បោះ​បាយ​បិណ្ឌនោះ​ទេ ហើយ​ថា​ការ​បោះ​បាយ​បិណ្ឌ​នេះ​ជា​ជំនឿ​របស់​ខ្មែរ​យើង និង​ចាប់​ផ្តើម​មាន​ជា​ផ្លូវ​ការនៅ​ឆ្នាំ​១៨៤៨ ​​ក្នុង​រាជព្រះ​បាទ​អង្គដួង។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​បន្ត​ថា​ ការ​បោះ​បាយ​បិណ្ឌ​នេះ​កើត​មាន​ឡើង​ដោយ​សារ​ពុទ្ធបរិស័ទ​ជឿថានៅ​ក្នុង​រយៈពេល​១៥​ថ្ងៃ​នៃ​ថ្ងៃ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ យមបាល​ដោះ​លែងពពួក​ប្រែត​ជា​ញាតិ ឪពុក​ម្តាយ ដែល​បាន​ស្លាប់​ទៅ​ក្នុង​ហេតុ​ចៃដន្យ​ណាមួយ​មាន​បាប​កើត​ក្នុងឋាន​នរក​ឲ្យ​មក​រក​កូន​ចៅ​បង​ប្អូន។

ព្រះ​ភិក្ខុ វ៉ង់ សុភស្ត មាន​សង្ឃដីកា​ពន្យល់ថា ក្នុង​គម្ពី​ព្រះ​ពុទ្ធ​សាសនា​បាន​សម្តែងអំពី​កំណើត​ក្នុងអបាយភូមិ កន្លែង​ដែលមិនរីក​ចម្រើន ឬមិនអាច​សាងនូវ​វប្បធម៌បាន ក្នុង​នោះមានកំណើត​នរក ប្រែត អសុរកាយ និង​កំណើត​សត្វតិរច្ឆាន ហើយ​មាន​តែ​កំណើត​សត្វ​តិរច្ឆាន​ទេ​ដែល​គេ​អាច​មើល​ឃើញ ចំណែក​កំណើត​៣ទៀតមិន​អាច​មើល​ឃើញ​នោះទេ។

ព្រះ​អង្គបន្ត​ថា ការ​បោះ​បាយ​បិណ្ឌ​ជាការ​ប្រមូល​ពុទ្ធបរិស័ទ ពិសេស​យុវជន​ឲ្យ​ចូល​មក​វត្ត​ដើម្បី​ស្តាប់ព្រះ​ធម៌ និង​ការ​ទូន្មាន​អប់រំ​របស់​ព្រះសង្ឃ ឲ្យ​យុវជន​ទាំងនេះប្រ​ព្រឹត្តនូវ​អំពើ​ល្អ និង​ប្រាសចាស​នូវ​អំពើ​អាក្រក់​នានា។

ព្រះ​អង្គមាន​សង្ឃដីកា​បន្ថែម៖ «ជាការពិត​ហើយ​បើ​កាល​ណា​យើង​យក​បាយ​ទៅ​បោះ​ពាស​វាល​ពាស​កាល វាធ្វើឲ្យ​ខាត​ផ្នែក​សេដ្ឋកិច្ច​មែន... ប៉ុន្តែ​បើ​ការណ៍​​ខ្លះ​យើង​មិន​បោះ​ទុន មិន​ចំណាយ​ខ្លះ​ក៏​វា​អត់​បាន​ប្រ​យោជន៍​មក​វិញ...អាត្មា​គិត​ថា​ដូន​តា​យើង​បង្កើត​ពិធី​ហ្នឹង​ឡើង​ដើម្បី​ប្រមូល​មនុស្ស​ឲ្យ​ចូល​វត្ត​...ថ្វាយ​បង្គុំព្រះ សុំ​សីល ហើយ​ស្តាប់​ឱវាទ​ព្រះ​សង្ឃ»៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;