ក្រុមហ៊ុនអូស្ត្រាលី កែសម្រួលពីពាក្យ «វៀតណាម» ទៅ «អាស៊ីអាគ្នេយ៍» លើរូបភាពអង្គរវត្ត ក្រោយមាន​ការផ្ទុះប្រតិកម្ម

  • 2020-09-22 07:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិជាច្រើនទៀត បានផ្ទុះការរិះគន់ និង​ប្រតិកម្មជា​ខ្លាំង​លើ​ក្រុម​ហ៊ុន​ទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» ដែល​យក​រូប​ប្រាសាទ​អង្គរ​វត្តរបស់កម្ពុជា ហើយ​បែរ​ជា​សរសេរ​ពាក្យ​សម្គាល់​ប្រទេស​វៀតណាម​នៅ​ពី​លើ។

Wendy Wu Toursជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី ដែល​បាន​នាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មកទស្សនាប្រទេសកម្ពុជា ជាញឹកញាប់។ ថ្មីៗនេះ គេហទំព័រ​របស់​ទីភ្នាក់​ងារ​ទេសចរណ៍​មួយ​នេះ បានបង្ហោះរូបភាពស្ដីពីតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុង​នោះ​ក៏​មាន​រូប​ភាពប្រាសាទអង្គរវត្តដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ។

ប៉ុន្តែ​គេហទំព័រនេះបានបង្កើតនូវកំហុសឆ្គងដោយអចេតនាមួយ គឺ​នៅ​ត្រង់​នៅ​ផ្នែក​ខាង​លើ​នៃ​រូប​ភាព​ប្រាសាទ​អង្គរវត្ត គេបានសរសេរពាក្យថា «VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំថា ប្រាសាទ​អង្គរ​វត្ត ស្ថិតនៅប្រទេសវៀតណាម។ កំហុស​ឆ្គង​របស់ក្រុមហ៊ុនទេស​ចរណ៍​អូស្ត្រាលី​មួយ​នេះ នាំឱ្យមានការរិះគន់យ៉ាងខ្លាំងសម្បើមពីសំណាក់ប្រជាជនកម្ពុជា និង​មជ្ឈដ្ឋាន​អន្តរជាតិ​មួយ​ចំនួន ដែល​គេបានដឹងច្បាស់អំពីទីតាំងប្រាសាទអង្គរវត្ត​របស់​កម្ពុជា។ ទន្ទឹមនឹងនោះ មហាជន ក៏បាន​ស្នើសុំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រម​ទាំង​ក្រសួង​ទេសចរណ៍​កម្ពុជា ចេញចំណាត់ការឱ្យបានម៉ឺងម៉ាត់ចំពោះកំហុសឆ្គងនេះ។

ក្រោយទទួលបានដំណឹងនេះហើយ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានទាក់ទងភ្លាមៗទាំងយប់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបានស្នើឱ្យទីភ្នាក់ងារ «Wendy Wu Tours» កែ​សម្រួល​កំហុស​ឆ្គង​នៅ​លើគេហទំព័ររបស់ខ្លួនជាបន្ទាន់។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួង​ទេស​ចរណ៍ បានថ្លែងនាព្រឹកថ្ងៃទី២២ ខែកញ្ញានេះថា ក្រសួងបានទាក់ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បីឱ្យគេកែសម្រួលព័ត៌មាននោះឡើងវិញ។ ទីភ្នាក់​ងារ​ក៏​បាន​សម្ដែង​នូវ​ការ​សូមអភ័យទោសចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយ​បាន​កែ​ពី​ពាក្យ VIETNAM មកដាក់ថា SOUTHEAST ASIA វិញ។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួង​ទេសចរណ៍ បានថ្លែងប្រាប់ នាព្រឹកថ្ងៃទី២២ ខែកញ្ញានេះថា ក្រសួងបានទាក់ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បីឱ្យគេកែសម្រួលព័ត៌មាននោះឡើងវិញ។ ទីភ្នាក់​ងារ​ក៏បាន​សម្ដែង​នូវ​ការ​សូមអភ័យទោសចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយ​បាន​កែ​ពី​ពាក្យ VIETNAM មកដាក់ថា SOUTHEAST ASIA វិញ។

លោក ប្រាក់ វុទ្ធី បានពន្យល់ថា មូលហេតុដែលទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជា CAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា» ជា​និម្មិត​រូប​តំណាងឱ្យតំបន់អាស៉ីអាគ្នេយ៍លើនៅគេហទំព័ររបស់ខ្លួន ពី​ព្រោះ​ប្រាសាទអង្គរ​វត្ត​ជា​សម្បត្តិ​បេតិភណ្ឌ​ដែលពិភពលោកស្គាល់ច្រើនជាងគេ។

ទោះបីជាទីភ្នាក់ងារ Wendy Wu Tours​បាន​កែសម្រួលនៅ​លើ​ទំព័រមុខ​នៃ​គេហ​ទំព័រ​របស់​ខ្លួន​រួច​ហើយ​ក្ដី ប៉ុន្តែនៅមានមួយកន្លែងទៀតដែលក្រុមហ៊ុនមិនទាន់បានកែសម្រួលអស់ គឺនៅ​ពេល​ចូល​ទៅ​ក្នុង​ផ្ទាំង Brochures គេនៅឃើញមានរូបប្រាសាទអង្គរវត្តដែលដាក់ពាក្យ VIETNAM នៅ​ពី​លើ​នៅ​ឡើយ។ ត្រង់​ចំណុចនេះ ក្រសួងទេសចរណ៍ ក៏នឹងទាក់ទងទៅកាន់ក្រុមហ៊ុនបន្តទៀត ដើម្បី​ឱ្យ​កែ​សម្រួលឱ្យបានគ្រប់ជ្រុងជ្រោយ៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;