ម្ចាស់បទ "ស្វារាំគ្រវីលីអូ" មង្គល​ ទីណា ចង់ប្រឡូកសិល្បៈឡើងវិញ ប៉ុន្ដែរវល់នឹងរឿងពីរនេះដកឃ្លាមិនទាន់រួច

  • 2020-10-02 03:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន លោក មង្គល ទីណា កំពុង​កាក់កប​នឹង​មុខរបរ​លក់​គ្រឿង​សម្អាង និង​បាន​បង្កើត​គ្រួសារ​តូច​មួយ​រស់នៅ​យ៉ាង​មាន​សុភមង្គល​នៅ​ខេត្ត​កោះកុង ក្រោយ​ពី​លោក​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ។

តារា​ចម្រៀង​រូប​នេះ បាន​ផ្ដល់​សម្ភាសន៍​ផ្ដាច់មុខ​ដល់ Sabay ក្នុង​ឱកាស​ដែល​លោក​ខំ​ស្កាត់​ពី​ខេត្ត​កោះកុង​ឡើង​មក​ចូល​រួម​ពិធី​ខួប​កំណើត​លោក អ៊ី ណូ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅនេះ​ថា ចំពោះ​រូប​លោក​មិន​ចង់​ប្រើ​ពាក្យ​ថា​បោះបង់​អាជីព​សិល្បៈ​នោះ​ទេ ដែល​ពាក្យ​នេះ​គួរ​ជំនួស​ដោយ​ពាក្យ​ថា​ផ្អាក​ពី​អាជីព​សិល្បៈ ព្រោះ​លោក​នៅ​ស្រឡាញ់​អាជីព​សិល្បៈ​ខ្លាំង ប៉ុន្តែ​មិន​ទាន់​ដក​ឃ្លា ឬ​កំណត់​ពេល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឡើង​វិញ​បាន។

លោក​បញ្ជាក់​ថា ប្រភព​ចំណូល​ពី​សិល្បៈ និង​មុខរបរ​លក់​គ្រឿង​ក្រអូប​របស់​លោក​មិន​ចាញ់​ឈ្នះ​គ្នា​ប៉ុន្មាន​នោះ​ទេ។ ប៉ុន្តែ​ដោយ​សព្វ​ថ្ងៃ​លោក​រវល់​នឹង​ការងារ​រកស៊ី​នៅ​ខេត្ត ហើយ​ម្យ៉ាង​រវល់​ជាមួយ​ប្រពន្ធ-កូន​ផង។ លោក​ថា ពេល​ឡើង​មក​ភ្នំពេញ​ជួប​មិត្តភ័ក្ដិ​សិល្បៈ​ម្ដង​ៗ គឺ​សប្បាយ​ចិត្ត​ដោយ​រំលឹកអនុស្សាវរីយ៍​ចាស់​ៗ​កាល​នៅ​ច្រៀង។

មង្គល ទីណា បាន​ផ្អាក​ពី​អាជីព​សិល្បៈ​ប្រមាណ​៣​ឆ្នាំ​ហើយ។ ទីណា មានភាពល្បីខ្លាំង​តាមរយៈបទចម្រៀង​មួយ​ចំនួន​ដូច​ជា បទ"ស្វារាំគ្រវីលីអូ" បទ"ខឹង​ហ្មង" "ឆ្កែ​លោត​ខាំ​គូថ" និង​បទ"ជិះ​អាដូត​ល្ហើ" ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;