សហគមន៍បាគងភូមិខ្ញុំ ជាផលិតផលទេសចរណ៍ថ្មីលើដីសៀមរាប!

  • 2020-10-05 01:46:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្របតាមគោលនយោបាយទេសចរណ៍ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ឱ្យខេត្ត សៀម​រាប​មានផលិតផលទេសចរណ៍ថ្មីៗបន្ថែមលើសពីតំបន់បេតិកភណ្ឌពិភពលោកនោះ ឥលូវនេះ «សហគមន៍​បាគងភូមិខ្ញុំ» បានអភិវឌ្ឍន៍ខ្លួនយ៉ាងស្រស់ឆើតឆាយលើទឹកដីឃុំបាគង ស្រុកប្រា​សាទ​បាគង អាចបម្រើបានស្ទើរតែគ្រប់សេចក្ដីត្រូវការរបស់ភ្ញៀវទេសចរក្នុងប្រទេស។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សហគមន៍បាគងភូមិខ្ញុំនេះ បានបើកទទួលបម្រើសេវាកម្មជូនភ្ញៀវទេសចរក្នុងស្រុករយៈពេលជិតមួយខែមកហើយ ហើយទទួលបានការគាំទ្រពីភ្ញៀវទេសចរគួរឱ្យកត់សម្គាល់ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញចលនាទេសចរផ្ទៃក្នុង ស្របពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រពេញទំហឹងចំពោះវត្តមានរបស់សហគមន៍ទេសចរណ៍នេះ និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយគាំទ្របន្ថែមដល់សហគមន៍។ លោករដ្ឋ​មន្ត្រី បានលើកឡើងថា ដើម្បីឱ្យសហគមន៍មានភាពស្ថិតស្ថិរទៅបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋឱ្យបានច្រើន និងត្រូវបែកចែកចំណូលប្រកបដោយសមធម៌ទៅឱ្យពួកគាត់ មាន​ន័យ​ថា អ្នកធ្វើកិច្ចការងារណា ត្រូវតែទទទួលបានប្រាក់ចំណូលពីការងារនោះ ដោយអ្នកធ្វើតិចបានតិច ធ្វើច្រើនបានច្រើន។

លោក សូត្រ សួរ ប្រធានសហគមន៍បាគងភូមិខ្ញុំ បានឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍ទេសចរណ៍នេះឡើង គឺដើម្បី៖

១៖ ជំរុញសក្ដានុពលទេសចរណ៍នៅតំបន់ប្រាសាទបាគង តាមរយៈការតភ្ជាប់ទំនាក់ទំនងការទស្សនាប្រាសាទ និងទេសភាពជនបទ សំដៅទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តឱ្យបានច្រើនឡើង។ ២៖ ជំរុញលើកទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋានក្នុងការបង្កើតផលិតផលកសិកម្ម បន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ និងផលិតផលអនុស្សាវរីយ៍ក្នុងមូលដ្ឋាន ដើម្បីលក់ជូនភ្ញៀវទេសចរ បង្កើនចំណូលផ្ទាល់ លើកកម្ពស់ជីវភាពសហគមន៍ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។

៣៖ លើកកម្ពស់អនាម័យ និងបរិស្ថានស្អាតក្នុងសហគមន៍ ចូលរួមជំរុញ និងអនុវត្តចលនា «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងផ្ដល់ភាពកក់ក្ដៅ»។

លោក សូត្រ សួរ បានបន្តថា សហគមន៍បាគងភូមិខ្ញុំ បានចាប់ផ្ដើមរៀបចំខ្លួនបន្តិចម្ដងៗតាំងពីឆ្នាំ២០១០ មកម្ល៉េះ។ មកដល់ពេលបច្ចុប្បន្ន សហគមន៍មានសេវាកម្មទេសចរណ៍ និងសេវាកម្មម្ហូបអាហារជាច្រើនសម្បូរបែប ក្នុងនោះមានដូចជា ម្ហូបអាហារ ភេសជ្ជៈ តូបអង្គុយជុំវិញមាត់ទឹក ជិះទូកកម្សាន្ត សួនកម្សាន្តសម្រាប់កុមារ បោះតង់ ទស្សនាការតាំងឧបករណ៍បុរាណ ទស្សនាកម្មវិធីទេសចរណ៍វប្បធម៌ប្រចាំថ្ងៃ ស្ទួចត្រី ដាក់បង្កៃ ដាក់មង ឆ្លុះត្រីពេលយប់ អាំងត្រី-សាច់ ដុតពោត-ដំឡូង ទិញបន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ និងកសិផលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

លោកបន្ថែម​ថា ក្រៅពីនេះសហគមន៍ក៏មានរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀតនៅពេលរដូវបុណ្យទានម្ដងៗ ដូចជា ការសម្ដែងក្បាច់គុនល្បក្កតោ ចាប៉ី ល្ខោន យីកេ របាំ ដែលសុទ្ធតែជាអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិខ្មែរតាំងពីបុរាណកាលមក៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;