រឿងទាមទារឱ្យចុះចេញពីតំណែង! លោកស្រី យីងឡាក់ សួរលោកប្រាយុទ្ធថា «នៅចាំទេ កាល៦ឆ្នាំមុន»?

  • 2020-10-19 03:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ បាន​រំលឹកពីរឿងរ៉ាវមួយកាលពី៦ឆ្នាំមុន ដែលពេលនោះ​រដ្ឋាភិបាល​របស់លោកស្រី ត្រូវបានហ៊ុមព័ទ្ធដោយក្រុមបាតុករ​ទាមទារ​ឱ្យចុះចេញពីតំណែង ពោលគឺ​ដូចជាស្ថានភាពរបស់​លោក ប្រាយុទ្ធ ចាន់អូចា នាពេលបច្ចុប្បន្នដូច្នោះដែរ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោកស្រី យីងឡាក់ បាន​បង្ហោះនៅលើទំព័រហ្វេសប៊ុក​របស់ខ្លួនកាលពីថ្ងៃទី១៧ ខែ​តុលា ឆ្នាំ​២០២០ យ៉ាងដូច្នេះថា៖ «ខ្ញុំមិនដឹងថា តើអ្នករាល់​គ្នានៅចាំឬអត់ទេ? កាលពី៦ឆ្នាំមុន មនុស្ស​មួយក្រុម​ដែល​ហៅ​ខ្លួនពួកគេថាជា គណៈកម្មាធិការកែទម្រង់​ប្រជាធិបតេយ្យ​ប្រជាជន (PDRC) ហើយ​ទាមទារឱ្យខ្ញុំចុះចេញពីតំណែង។ ហើយពេលនោះ​លោកអគ្គមេបញ្ជាការ ប្រាយុទ្ធ បាន​សួរថា តើខ្ញុំអាចបន្តដឹកនាំរដ្ឋាភិបាល​ទៀតអត់»។

លោកស្រី យីងឡាក់ កាលនៅជានាយករដ្ឋមន្រ្តី និង​លោកប្រាយុទ្ធ កាលនៅជាអគ្គមេបញ្ជាការកងទ័ព
លោកស្រីបន្តថា ទីបំផុតលោកស្រី​បាន​ប្រកាស​រំលាយសភា ដើម្បីបើកផ្លូវសម្រាប់​ការបោះឆ្នោតថ្មី ដូច្នេះប្រជាជន​អាច​កំណត់​ជោគវាសនា​ប្រទេស​ដោយខ្លួនពួកគេ ក្នុងការ​ថែរក្សាគោលការណ៍​គ្រឹះប្រជាធិបតេយ្យ។

ចំពោះ​ការធ្វើបាតុកម្ម​ទាមទារ​ឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចុះចេញពីតំណែង​នាពេល​បច្ចុប្បន្ននេះ លោកស្រី យីងឡាក់ បាន​លើកឡើង​យ៉ាងដូច្នេះថា៖

«ថ្ងៃនេះ ព្រឹត្តិការណ៍ដូចគ្នា​បាន​កើតឡើង​ចំពោះ​លោកប្រាយុទ្ធវិញហើយ។ និស្សិត បងប្អូនប្រុសស្រី ចង់​ឃើញប្រទេសផ្លាស់ប្តូរ ហើយ​ពួកគេ​អំពាវនាវឱ្យលោកប្រាយុទ្ធ ចុះចេញ និង​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ខ្ញុំបាន​តាមដាន​ស្ថានភាព​ក្នុងប្រទេស​ដោយក្តីបារម្ភ»។

«វាបាន​រំលឹកខ្ញុំ​ពីពេល​ដែលអ្នក (ប្រាយុទ្ធ) ស្នើខ្ញុំដូច្នេះកាលពី ៦ឆ្នាំមុន ថាខ្ញុំយល់ព្រមឬអត់។ ហើយ​ខ្ញុំសង្ឃឹមថា អ្នក​នឹងចងចាំថ្ងៃនោះ ហើយធ្វើការសម្រេចចិត្ត​ដោយឆាប់រហ័ស ដើម្បី​ឱ្យប្រទេស​ស្ងប់ស្ងាត់​ និង​ដើរទៅមុខ»៕

ប្រភព៖ Straits Times

អត្ថបទថ្មី
;