កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំជួយពលរដ្ឋចេះដាំបន្លែតាមបែបទំនើប

  • 2020-11-13 01:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងសំខាន់គឺដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដើម្បីទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុន។ ពិធីចុះហត្ថលេខានេះ ធ្វើ​ឡើង​កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក ថោង រដ្ឋស័ក្តិ បានថ្លែងថា គោលបំណងនៃការចុះអនុស្សរណៈនេះគឺដើម្បីគាំទ្រលក្ខណៈបច្ចេកទេសដាំបន្លែដែលមានគុណភាព សុវត្ថិភាពខ្ពស់ (គ្មានជាតិគីមី) សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការម្ហូបអាហារនៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេស និងអាចនាំចេញទៅលក់នៅប្រទេសជប៉ុនថែមទៀតផង។ កិច្ចការនេះក៏ជំរុញការយល់ដឹងទៅដល់ប្រជាកសិករកម្ពុជាឱ្យចេះដាំដុះ និងថែទាំបន្លែក្នុងផ្ទះកញ្ចក់ (Green House) តាមលក្ខណៈបច្ចេកទេសថ្មីដែលធានាបាននូវស្ដង់ដាគុណភាព និងសុវត្ថិភាពខ្ពស់។

លោកបានបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥ នៅពេលផុតអាណត្តិនេះ ភាគីទាំងពីរនឹងបន្តពិភាក្សាអំពីការបន្តគម្រោងទៅមុខទៀត។ គម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំនេះនឹងចាប់អនុវត្តចេញពីស្រុកបារាយណ៍ ខេត្តកំពង់ធំមុនគេបង្អស់ ដោយសារនៅភូមិសាស្ត្រស្រុកនេះសម្បូរទៅដល់ប្រព័ន្ធធារាសាស្ត្រ ដូចជាស្ទឹងជីនិត ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រពច្រើនខ្វាត់ខ្វែង។ ចេញពីខេត្តកំពង់ធំនេះទៅ គម្រោងអភិវឌ្ឍន៍នឹងបន្តអនុវត្តនៅទូទាំងប្រទេសកម្ពុជា។

លោកបានបន្តទៀតថា នៅពេលផលិតបានជាបន្លែ និងកសិផលផ្សេងទៀតហើយ ក្រុមហ៊ុនចែកចាយដែលជាគ្រុបរបស់ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន នឹងនាំយកទៅចែកចាយនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាននានាក្នុងគោលដៅទេសចរណ៍ខេត្តសៀមរាប ខេត្តបាត់ដំបង តំបន់ភូមិភាគឦសាន តំបន់ឆ្នេរសមុទ្រ ក៏ដូចជានៅផ្សារ អ៉ីអន ម៉ល និងនៅតាមបុរីលំនៅដ្ឋានមួយចំនួននៅរាជធានីភ្នំពេញ ដូចជា បុរី ប៉េង ហួត ជាដើម ដែលមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនមានទីផ្សារលក់បន្លែ និងកសិផលនៅក្នុងដៃរបស់ខ្លួនច្រើនដែរ។

លោក ថោង រដ្ឋស័ក្តិ ថាបន្លែដែលនឹងអនុវត្តការដាំដុះដំបូងមានប្រមាណ ១០ មុខ ភាគច្រើនដែលជាបន្លែដាំលើដី រយៈពេលខ្លី និងអាស្រ័យទៅតាមតំបន់ដែលអំណោយផងដល់ដំណាំនីមួយៗ។ នៅពេលឈានដល់ការនាំចេញទៅប្រទេសជប៉ុន មុខបន្លែដែលត្រូវដាំ គឺជាបន្លែដែលប្រទេសដាំដុះមិនបាន ឬនៅតាមរដូវ។ ឧទាហរណ៍ដូចជានៅរដូវត្រជាក់ខ្លាំង ប្រទេសជប៉ុនមិនអាចដាំប៉េងបោះបានឡើយ ប៉ុន្តែនៅកម្ពុជាអាចដាំដុះបាន ដូច្នេះដំណាំដែលប្រជាកសិករខ្មែរត្រូវដាំគឺប៉េងបោះ ហើយក្រុមហ៊ុននឹងជូនដំណឹងអំពីតម្រូវការនៅប្រទេសជប៉ុនប្រាប់ដល់កសិករខ្មែរ។

លោក ណាបេស៉ីម៉ា កាតស៊ូហ៉ីតុ បានឱ្យដឹងថា ក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីនរ៉ាប់រងលើការផលិត វេចខ្ចប់ និងចែកចាយនៅប្រទេសកម្ពុជា ព្រមទាំងអាចនាំចេញទៅក្រៅប្រទេសផងដែរ ពិសេសគឺប្រទេសជប៉ុន។ លោកបានបន្តថា ប្រជាជនជប៉ុនបានចាប់អារម្មណ៍ខ្លាំងមកលើប្រទេសកម្ពុជាលើចំណុចដែលប្រជាកសិករដាំដុះបន្លែ និងដំណាំផ្សេងៗនោះមិនសូវប្រើជីគីមី ឬសារធាតុដែលនាំឱ្យប៉ះពាល់ដល់សុខភាព ខណៈផ្ទៃដីកសិកម្មនៅកម្ពុជាក៏ធំទូលាយ និងសម្បូរធនធានទឹកសម្រាប់ស្រោចស្រពច្រើនផងដែរ ដូចជាទន្លេសាប និងបឹងទន្លេសាប ទន្លេមេគង្គជាដើម ដែលប្រការនេះពិតជាអំណោយផលដល់ការដាំដុះដំណាំខ្លាំងណាស់៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;