ស្លៀក​ខោអាវ​ដេក​យប់​អត់​បោក​២​ថ្ងៃ​ជាប់​គ្នា​ប៉ះពាល់​អ្វី​ខ្លះ?

  • 2020-11-25 07:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ទម្លាប់​ទៅ​ហើយ​​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​ឧស្សាហ៍​ស្លៀក​ខោអាវ​ដេក​យប់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ដោយ​មិន​បាន​បោក​សម្អាត​ទាល់​តែ​សោះ។ តើ​នេះ​ជា​រឿង​ល្អ​ដែរ​ឬ​ទេ​ចំពោះ​សុខភាព? បើ​តាម​អ្នក​ជំនាញ ទម្លាប់​នេះ​​អាច​ផ្ដល់​ជា​គុណ​វិបត្តិ​ចំនួន​៧​ចំពោះ​សុខភាព​ ដូច​ខាង​ក្រោម៖

១.បង្កើត​បាន​​ជា​បរិស្ថាន​​គ្មាន​អនាម័យ

ក្រណាត់​ដែល​អ្នក​​ស្លៀក​​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​មិន​បាន​បោក​សម្អាត អាច​បង្ក​បង្កើត​ជា​ពពួក​បាក់តេរី និង​កោសិកា​ស្បែក​ងាប់ ដែល​ធ្វើ​ឲ្យ​កើត​មាន​មេរោគ​ឆ្លង​បាន។ មួយ​វិញ​ទៀត បើ​ទោះ​ជា​​​អ្នក​សម្អាត​កន្លែង​​ដេក​ជា​ញឹកញាប់​ក៏​ដោយ ក៏​មេរោគ​ដែល​ទុំ​ជាប់​នៅ​លើ​ក្រណាត់​ខោអាវ​​​នៅ​តែ​​​អាច​ចម្លង​ទៅ​កន្លែង​ដេក​បាន​ដដែល ហើយ​ធ្វើ​ឲ្យ​បរិស្ថាន​​ជុំវិញ​កង្វក់​មិន​ស្រស់ស្រាយ​នោះ​ឡើយ។

២. ចម្លង​មេរោគ​ទៅ​​សម្លៀក​បំពាក់​ដទៃ​ទៀត

បើ​យូរ​ម្ដងៗ​ទើប​បោក​ខោអាវ​ដេក នោះ​ការ​សម្អាត​តែ​ម្ដង​នឹង​មិន​ជួយ​ជម្រះ​ចោល​នូវ​មេរោគ​បាន​នោះ​ទេ ហើយវា​ថែម​ទៀត​អាច​ចម្លង​មេរោគ​ទៅ​កាន់​សម្លៀក​បំពាក់​ដទៃ​ដែល​បោក​សម្អាត​ជាមួយ​ផង​ដែរ។

៣. ប៉ះពាល់​ដំណេក​យប់

ខោអាវ​ដែល​ពាក់​ដដែលៗ​នោះ​អាច​បង្ក​ជា​ការ​រមាស់​ស្បែក ហើយ​ប៉ះពាល់​ដល់​ដំណេក​យប់​របស់​អ្នក​បាន។

៤. ធ្វើ​​ឲ្យ​អ្នក​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ ​ឬ​អាល្លែកហ្ស៊ី​កាន់​តែ​ធ្ងន់ធ្ងរ

សម្រាប់​អ្នក​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ឬ​អាល្លែកហ្ស៊ី​ គួរ​គប្បី​ផ្លាស់ប្ដូរ និង​បោក​​សម្អាត​ខោអាវ​ដេក​យប់​ឲ្យ​បាន​ជា​ប្រចាំ​ ដើម្បី​បញ្ចៀស​​ភាព​ធ្ងន់ធ្ងរ​មួយ​កម្រិត​ទៀត ដែល​បង្ក​ឡើង​ដោយ​មេរោគ​ដែល​នៅ​ជាប់​ក្រណាត់​ខោអាវ។

៥. កើត​មុន

ញើស​ដែល​ហូរ​ជាប់​នៅ​ក្រណាត់​ខោអាវ ហើយ​បន្សល់​ទុក​ចោល​ច្រើន​ថ្ងៃ អាច​បង្ក​ឲ្យ​អ្នក​កើត​មាន​មុន​នៅ​លើ​មុខ និង​ដង​ខ្លួន​បាន។

៦. ធុំ​ក្លិន

ការ​ធុំ​ក្លិន​ជា​រឿង​ជៀស​មិន​ផុត​ឡើយ​សម្រាប់​អ្នក​ស្លៀក​ខោអាវ​ដដែលៗ។

៧. ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ប្រព័ន្ធ​ស៊ាំ

ប្រព័ន្ធ​ស៊ាំ​នៃ​រាងកាយ​អ្នក​នឹង​​ប្រឹង​ធ្វើ​ការ​ទប់ទល់​ជាមួយ​មេរោគ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជាប់​ខោអាវ ហើយ​ចម្លង​ទៅ​លើ​ស្បែក ឬ​ផ្លូវ​ដង្ហើម។ កត្តា​នេះ​ហើយ​​ដែល​​យូរៗ​ទៅ​នឹង​ធ្វើ​​ឲ្យ​ប្រព័ន្ធ​ស៊ាំ​នៃ​រាងកាយ​ថយ​ចុះ​បន្តិចម្ដងៗ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;