ថ្ងៃឆ្លងឆ្នាំ ក្រៅពីភ្នំពេញ ខេត្តណាខ្លះទទួលបានភ្ញៀវទេសចរច្រើនជាងគេ?

  • 2021-01-02 05:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ មានភ្ញៀវទេសចរសរុបចំនួន ៦៩៩ ៧២៤ នាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ។ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍នៅថ្ងៃទី ២ មករា ២០២១។

ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ៦៩៩ ៧២៤ នាក់ គឺមានភ្ញៀវជាតិចំនួន ៦៩៧ ០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ២ ៦៥៨ នាក់។ គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

− រាជធានីភ្នំពេញ៖ ៥០០ ១៦៦ នាក់ − ខេត្តព្រះសីហនុ៖ ៥១ ៥៧០ នាក់ − ខេត្តកែប៖ ៥១ ១៦៨ នាក់ − ខេត្តសៀមរាប៖ ២៥ ២០៤ នាក់ − ខេត្តកំពត ៖ ១៨ ៨៧០ នាក់ − ខេត្តកំពង់ស្ពឺ៖ ១១ ៧៨៧ នាក់ − ខេត្តបាត់ដំបង ៖ ៦ ៥៤០ នាក់ − ខេត្តកំពង់ចាម៖ ៦ ៤៩៨ នាក់ − ខេត្តកោះកុង៖ ៣ ១១៦ នាក់

ជាការគួរកត់សម្គាល់លើចំណុចសំខាន់ៗ ដូចខាងក្រោម៖

− ខុសពីរាល់ឆ្នាំ ឆ្នាំនេះមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគុំតន្រ្តី និងការជួបជុំជាទ្រង់ទ្រាយធំដែលមានការរៀបចំ ជាកម្មវីធីនោះទេ។ ដោយឡែកចំពោះរាជធានីភ្នំពេញ តាមការវាយតំលៃបឋមរបស់អាជ្ញាធរ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមានឈ្នះឈ្នះជាដើម ។

− ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តឆ្លងឆ្នាំនៅតាមគោលដៅទេសចរណ៍តាមរាជធានី ខេត្ត ពិសេសគោលដៅសំខាន់ៗដូចបានជម្រាបជូនខាងលើ។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញៗ។

− ដោយឡែក បងប្អូនប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្ត ជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀត បានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំ នៅតាមភោជនីយដ្ឋាន ពិសេសនៅតាម Sky Bar នានា។

− បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានារហូតដល់ចុងសប្តាហ៍។

− ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេនៅយប់ឆ្លងឆ្នាំនេះ។

− គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានខិតខំអនុវត្តន៏តាមប្រសាសន័ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍។ដោយឡែក កន្លែងដែលមានការប្រមូលផ្តុំច្រើន ដូចជាតាមបណ្តោយទន្លេចតុមុខ និងផ្សាររាត្រី (Pub Street) នៅសៀមរាបជាដើម មានការចុះពិនិត្យ និងណែនាំដិតដល់ពីគណៈបញ្ជាការឯកភាពរាជធានី ខេត្ត៕

អត្ថបទថ្មី
;