អ្នក​នេសាទ៣នាក់ រៀបរាប់​ពី​ទិដ្ឋភាព​ ពេល​យន្តហោះ​ឥណ្ឌូណេស៊ី​ធ្លាក់ចូលសមុទ្រ​ម្សិលមិញ

  • 2021-01-10 01:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ដឹកអ្នកដំណើរ​របស់​ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ដែលដឹកមនុស្ស៦២នាក់ បានធ្លាក់ចូលសមុទ្រជ្វា កាលពីថ្ងៃទី៩ មករា ២០២១ ភ្លាមៗបន្ទាប់​ពី​ហោះចេញពីក្រុងហ្សាកាតា ឆ្ពោះទៅកាន់​ក្រុង Pontianak ដែល​ស្ថិតនៅលើកោះប៊័រណេអូ។

រូបតំណាង
​ភ្នាក់ងារ​ស្រាវជ្រាវ និងសង្គ្រោះ​ជាតិ​ឥណ្ឌូណេស៊ី បាន​សន្និដ្ឋានថា​ យន្តហោះនេះ​អាចនឹង​ធ្លាក់​ក្នុងសមុទ្រ​នៅចន្លោះកោះ Laki និង Lancang ក្នុងតំបន់មួយដែល​គេស្គាល់ថា កោះរាប់ពាន់ (Thousand Islands) ស្ថិតនៅប៉ែកពាយព្យ​នៃក្រុងហ្សាកាតា។

អ្នកនេសាទ៣នាក់​ដែល​នៅកៀកនឹងហេតុការណ៍ធ្លាក់យន្តហោះ​នេះ បាន​ប្រាប់​ CNN ថា ពួកគេ​បាន​លឺសំឡេង​ផ្ទុះ និង​ឃើញ​រលកធំភ្លាមៗ ក្នុងអំឡុងពេល​ដែល​យន្តហោះបានបាត់ខ្លួន​កាលពីរសៀលម្សិលមិញ។

អ្នកនេសាទម្នាក់ឈ្មោះ Hendrik Mulyadi បាន​និយាយថា «ខ្ញុំបានលឺសំឡេង​ផ្ទុះយ៉ាងខ្លាំង។ ខ្ញុំ​គិតថា​វាជាគ្រាប់បែកមួយ ឬជាផ្គរលាន់។ ពេលនោះ​យើងស្រាប់តែឃើញ​រលកដ៏ធំ​ដែលមាន​កម្ពស់​ប្រហែល ២ម៉ែត្រ មកបុកទូករបស់យើង»។

អ្នកនេសាទម្នាក់ទៀត​ឈ្មោះ Solihin ក៏លើកឡើង​ថា វាជាសំឡេង​គ្រាប់បែកដែរ។

យ៉ាងណាមិញដោយសារពេលនោះ មេឃងងឹត​ដោយសារមានភ្លៀងធ្លាក់ ពួកគេ​មិនបាន​ឃើញ​យន្តហោះធ្លាក់ចូលសមុទ្រស្តែងៗនោះទេ ប៉ុន្តែធំក្លិនសាំង និង​ឃើញ​បំណែក។ បន្ទាប់មកពួកគេ​ត្រឡប់​មកឆ្នេរ​វិញ ដើម្បី​រាយការណ៍ទៅ​ប៉ូលិស។

សូមជម្រាប​ថា ជើងហោះហើរលេខ១៨២​ដែលបាន​ធ្លាក់នេះ គឺផ្ទុកអ្នកដំណើរ៥០នាក់ (ក្នុងនោះកូនក្មេង៧នាក់) រួមទាំងពីឡុត និង​អ្នកបម្រើការលើយន្តហោះ ១២នាក់ សរុប ៦២នាក់។ នេះបើតាម​ក្រសួង​ដឹកជញ្ជូនឥណ្ឌូណេស៊ី។

បើតាម​ការចុះផ្សាយរបស់ Flightradar24 ឱ្យដឹងថា ៤នាទី​ក្រោយ​យន្តហោះ​នេះហោះចេញ​ គឺ​មានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឱ្យវាបាត់​រយៈកម្ពស់ ១ម៉ឺនហ្វីត ក្នុងរយៈពេលមិនដល់៦០វិនាទីឡើយ៕

ប្រភព៖ CNN

អត្ថបទថ្មី
;