សម្តេច ហ៊ុន សែន៖ កម្ពុជា គ្រោងប្រើឥណទាន​របស់ ADB ដើម្បី​ទិញវ៉ាក់សាំង​កូវីដ​អង់គ្លេស

  • 2021-01-22 03:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល​កំពុងពិភាក្សា​ក្នុងការទិញ​វ៉ាក់សាំងកូវីដ១៩ ​របស់​ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលរក្សាក្នុងសីតុណ្ហភាព​​ពី ២ ដល់ ៨អង្សារសេ ដោយ​ប្រើប្រាស់​ឥណទាន​របស់ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB)។ ការថ្លែងនេះ ធ្វើឡើង​ក្នុង​ក្នុងពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​អគារ​ទីស្តីការ​ក្រសួងសាធារណការ និងដឹកជញ្ជូន និង​វិទ្យាស្ថានតេជោសែន​សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ​២០២១។

ជាមួយគ្នានេះ កម្ពុជាក៏ស្នើសុំ​វ៉ាក់សាំង​ពី​ឥណ្ឌា និងកំពុងពិចារណាស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូងផងដែរ បន្ទាប់ពីវ៉ាក់សាំង​របស់ក្រុមហ៊ុនចិន Sinopharm ដែល​គ្រោងនឹង​មកដល់កម្ពុជាក្នុងខែកុម្ភៈខាងមុខនេះ។

សម្តេចតេជោ បាន​បញ្ជាក់​យ៉ាងដូច្នេះថា៖

«ខ្ញុំ​ក៏បាន​ផ្ញើលិខិត​ជូននាយករដ្ឋមន្រ្តីឥណ្ឌា ដើម្បីឱ្យពិចារណាពិនិត្យលទ្ធភាព​ក្នុងការផ្គត់ផ្គង់​វ៉ាក់សាំងជូនដល់​កម្ពុជា។ ឥណ្ឌាកំពុងប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន ចាក់ឱ្យពលរដ្ឋរបស់ខ្លួន។ ខ្ញុំក៏កំពុងគិតថា តើគប្បីធ្វើលិខិតទៅ​ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីស្នើសុំវ៉ាក់សាំងរបស់​គាត់​ឬទេ ព្រោះគាត់​ផលិតបានហើយ ហើយ COVAX ក៏ដូចជាដាក់បញ្ជាទិញ​ទៅកូរ៉េខាងត្បូងផងដែរ។ យើងក៏បាន​ស្ទាបស្ទង់ពិភាក្សាដើម្បីប្រើប្រាស់​វ៉ាក់សាំងរបស់​អង់គ្លេសហៅថា AstraZeneca ដែលរក្សាក្នុងសីតុណ្ហភាពពី ២ ដល់ ៨អង្សារសេដោយ​ប្រើប្រាស់​នូវឥណទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី។ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ផ្តល់​ថវិកាមួយចំនួនឱ្យយើង អ៊ីចឹងយើងមានជម្រើសច្រើន»៕

អត្ថបទថ្មី
;