ដឹងច្បាស់​ហើយ ស្ថានភាព​ពលករ​ខ្មែរ៧នាក់​ ​ក្នុង​ករណី​បាក់ស្ពាន​អាកាសនៅថៃ

  • 2021-01-25 07:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូតកម្ពុជាប្រចាំ​ក្រុងបាងកក បាន​ឱ្យដឹងថា ពលករខ្មែរ៧នាក់​ ក្នុងករណីស្ពានអាកាសបាក់ស្រុត នៅខេត្តនគររាជសីមា​ មិនមានរងគ្រោះដល់បាត់បង់ជីវិតទេ​ ហើយកំពុងទទួលបានការព្យាបាល​​ និងការយកចិត្តទុក្ខដាក់ ព្រមទាំងការចុះសួរសុខទុក្ខ​​ពីសំណាក់ស្ថានទូត។

នាថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២១ តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ​ បានចុះទៅ​មន្ទីរពេទ្យមហារាជ ​​ និងការដ្ឋានសាងសង់ផ្លូវ​ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន៧រូប ប្រុស៤នាក់​ និងស្រី៣នាក់​ ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះខណៈកំពុងសាងសង់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១​ វេលាម៉ោង ១៤៖១៨នាទី ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ។

ស្ថានទូត​បញ្ជាក់ថា គ្រោះថ្នាក់​ខាងលើ​មិនមែន​ករណីរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះទេ។​​​ បច្ចុប្បន្នពលករ៣នាក់បានចេញពីមន្ទីរពេទ្យហើយ​ ចំណែកពលករ៤នាក់​ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ១នាក់ជាស្ត្រី រងរបួសបាក់ជើងស្តាំ​​ ១នាក់ទៀតនឹងចេញពីមន្ទីរពេទ្យប៉ុន្មានថ្ងៃខាងមុខទៀត និងពលករ២នាក់ទៀតនឹងចេញពីមន្ទីរពេទ្យនាល្ងាចថ្ងៃនេះ។

ការចំណាយលើការព្យាបាលនៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក​​ និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ ចំណែកពលករដែលកំពុងសម្រាកព្យាបាលនិងមិនអាចទាន់ចូលធ្វើការវិញបាន​ នឹងទទួលបានប្រាក់ឈ្នួលទៅតាមច្បាប់៕

អត្ថបទទាក់ទង៖ បាក់​ស្ពាន​អាកាស​នៅថៃ បណ្តាលឱ្យ​ពលករខ្មែររងរបួស

ប្រភព៖ ហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក

អត្ថបទថ្មី
;