កុនគាត់ថតឡើងល្បីរកបាន ៦០លានដុល្លារ តែតម្លៃខ្លួនគាត់បែរជាទាបដល់ថ្នាក់ហ្នឹង!
- 2021-02-01 23:04:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុនគាត់ថតឡើងល្បីរកបាន ៦០លានដុល្លារ តែតម្លៃខ្លួនគាត់បែរជាទាបដល់ថ្នាក់ហ្នឹង!
ចន្លោះមិនឃើញ
ធ្លាប់មើលកុនដែល Nǃxau ǂToma ថតទេ? ល្បីណាស់ តើត្រូវទេ? Nǃxau ǂToma គឺជាតួសម្ដែងភាពយន្តអន្តរជាតិដ៏ល្បីមួយរូប កាលពីកំឡុងទសវត្សទី៨០ និងទី៩០ ក្រោយលោកបានចូលរួមថតរឿងដំបូងមួយដែលមានចំណងជើងថា "The Gods Must Be Crazy"។
កើតនៅក្នុងប្រទេសណាមីប៊ី និងក្នុងអម្បូរជាកុលសម្ព័ន្ធជនជាតិភាគតិចអាហ្វ្រិក លោក Nǃxau ǂToma ជាមនុស្សដែលមានទេពកោសល្យដ៏កម្រម្នាក់នៅក្នុងវិស័យភាពយន្តបែបកំប្លែង។ "The Gods Must Be Crazy" ជាភាពយន្តដែលអង្រួនបេះដូងទស្សនិកជនបានច្រើនសន្ធឹក ជាពិសេសគឺប្រជាជនអាស៊ីតែម្ដង។ ភាពយន្តផលិតតាំងពីឆ្នាំ១៩៨០នេះអាចកើបចំណូលពីការចាក់បញ្ចាំងបានដល់ចំនួន ៦០លានដុល្លារឯណោះ។ នេះបើយោងតាមអ្នកដឹករឿងម្នាក់ឈ្មោះ Jamie Uys ដែលជាអ្នកនាំ Nǃxau ǂToma ទៅសម្ដែងជាលើកដំបូង។
ត្បិតអីរកចំណូលបានច្រើន ប៉ុន្តែបើក្រឡេកមកមើលប្រាក់កម្រៃរបស់ Nǃxau ǂToma វិញ ដែលជាតួលេចធ្លោជាងគេ គឺបានត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះ។ មួយវិញទៀត គ្រានោះ លោក Nǃxau ǂToma មិនទាន់ស្គាល់ផងថាអ្វីជាលុយ។ ដូច្នោះហើយទើបកម្រៃត្រឹម ៣០០ដុល្លារនេះត្រូវលោកគ្រវែងចោលទៅលើមេឃយ៉ាងរំភើយ។
លុះក្រោយមក Nǃxau ǂToma ក៏បានយល់ដឹងពីតម្លៃក្រដាសប្រាក់ ទើបនៅក្នុងភាពយន្តបន្ទាប់ដែលគេហៅលោកទៅថត លោកបានទារតម្លៃខ្លួនរហូតដល់ ៥០ម៉ឺនដុល្លារ។ លោក Nǃxau ǂToma បានប្រាប់ថា លុយទាំងនេះទុកប្រើសម្រាប់សង់ផ្ទះថ្មមួយ ដែលមានភ្លើងអគ្គិសនី និងទឹកស្អាតប្រើប្រាស់សម្រាប់ក្រុមគ្រួសាររបស់លោក ដែលក្នុងនោះមានប្រពន្ធ៣នាក់ និងកូនៗប៉ុន្មាននាក់ទៀត។
ភាពជោគជ័យបានញ៉ាំងឲ្យលោក Nǃxau ǂToma បានធ្វើដំណើរទៅជាច្រើនកន្លែងលើពិភពលោក និងរីករាយជាមួយជីវិតថ្មីបែបស៊ីវិល័យអស់រយៈពេលជាង១០ឆ្នាំ។ យ៉ាងណាមិញ ក្រោយដឹងស្គាល់អ្វីសព្វបែបយ៉ាង លោក Nǃxau ǂToma បានសម្រេចមករស់នៅក្នុងជីវភាពជាជនជាតិភាគតិចវិញ ដែលស្ថិតនៅក្នុងតំបន់ Kalahari។ លោកបានចិញ្ចឹមសត្វពាហនៈ ដាំដុះពោត និងល្ពៅ តាមបែបធម្មជាតិ។
សូមរំលឹកថា តារាសម្ដែងជនជាតិភាគតិច Nǃxau ǂToma បានទទួលមរណភាពកាលពីចុងខែមិថុនា ឆ្នាំ២០០៣ នៅក្បែរផ្ទះរបស់លោកក្នុងប្រទេសណាមីប៊ី ក្រោយលោកបានចេញទៅរកអុសដុត។ មូលហេតុស្លាប់របស់លោកនៅមិនទាន់ដឹងច្បាស់នោះទេ ប៉ុន្តែបើតាមប្រភពកន្លងមកបានដឹងថា លោកធ្លាប់កើតមានជំងឺរបេង។ អាយុពិតរបស់លោកទៀតសោតក៏មិនដឹងច្បាស់ដែរ ប៉ុន្តែប្រហែលជាលោកមានវ័យ៥៩ឆ្នាំនៅពេលមរណភាព៕