បន្ទាប់​ពី​ស្ដេចថៃ តើ​ខ្សែ​រាជវង្ស​ណា​ទៀត ដែល​ជា​មហាសេដ្ឋី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដាច់​គេ?

  • 2021-02-03 06:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០២០ មាន​​បុគ្គល​ជា​ខ្សែ​រាជវង្ស​ចំនួន ៥​អង្គ ដែល​សម្បូរ​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន SCMP ខ្សែ​រាជវង្ស​ទាំង​៥​អង្គ​​នោះ​មាន​ដូច​ជា៖

១. ព្រះ​មហាក្សត្រ​ថៃ Maha Vajiralongkorn

ព្រះ​អង្គ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ព្រះ​បិតា Bhumibol Adulyadej នៅ​ក្នុង​ឆ្នាំ​២០១៦។ ដោយ​មាន​ទ្រព្យ​សម្បត្តិ​មហាសាល​ដល់ ៤៣​ពាន់​លាន​ដុល្លារ ស្ដេច​ថៃ​អង្គ​នេះ​គឺ​ជា​ព្រះ​មហាក្សត្រ​​ដែល​មាន​ជាង​គេ​លំដាប់​ទី​១ មិន​ទាន់​មាន​គូ​ប្រជែង​​​អាច​ខិត​មក​កៀក​ក្បែរ​បាន​នោះ​ទេ។ យោង​តាម Fortune បាន​​ឲ្យ​ដឹង​ថា ទ្រព្យ​សម្បត្តិ​ព្រះ​អង្គ Maha Vajiralongkorn ភាគ​ច្រើន​បាន​មក​ពី​ភាគ​ហ៊ុន ២៣% នៅ​ក្នុង​ធនាគារ​ Siam Commercial Bank និង​ក្រុមហ៊ុន​​ស៊ីម៉ងត៍ Siam Cement Group។

២. ស្ដេច​ព្រុយណេ Hassanal Bolkiah

មេ​ដឹក​នាំ​ព្រុយណេ​អង្គ​នេះ បច្ចុប្បន្ន​កំពុង​ក្ដោប​ទ្រព្យ​សម្បត្តិ​ក្នុង​ដៃ​ប្រមាណ​ជា ២៨​ពាន់​លាន​ដុល្លារ ដែល​​ប្រភព​ភាគ​ច្រើន​បាន​ពី​​ស្តុក​ប្រេង​​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស។

៣. ស្ដេច​អារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud

ទ្រព្យ​សម្បត្តិ ១៨​ពាន់​លាន​​ដុល្លារ បាន​ធ្វើ​ឲ្យ​​ព្រះ​អង្គ​ម្ចាស់ Salman bin Abdulaziz Al Saud ឈរ​នៅ​លំដាប់​ថ្នាក់​ទី​៣​លើ​ពិភពលោក ជា​ខ្សែ​រាជវង្ស​ដែល​មាន​ជាង​គេ។ ប្រាក់​មួយ​ផ្នែក​របស់​ព្រះ​អង្គ​បាន​ពី​ចំណែក​ធនធាន​​សរុប​នៃ​​ក្រុម​គ្រួសារ​រាជវង្ស​អារ៉ាប់ ដែល​មាន​សរុប​ដល់ ១,៤​ទ្រី​លាន​ដុល្លារ​ឯណោះ ដោយ​រក​បាន​ពី​ការ​លក់​សាំង និង​ហ្គាស​ធម្មជាតិ។

៤. ព្រះ​អង្គ​ម្ចាស់ Khalifa bin Zayed Al Nahyan ប្រធានាធិបតី​​អារ៉ាប់រួម

ព្រះ​អង្គ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ១៥​ពាន់​លាន​ដុល្លារ ដែល​ភាគ​ច្រើន​បាន​ពី​​ការ​លក់​ប្រេង​របស់​ប្រទេស​អារ៉ាប់​រួម។

៥. ស្ដេច​ម៉ារុក Mohammed VI

ទ្រព្យ​សម្បត្តិ​ទ្រង់​អាច​ស្ថិត​នៅ​ចន្លោះពី ២ ទៅ ៨​ពាន់​លាន​ដុល្លារ ដែល​បន្សល់​ទុក​ពី​ព្រះ​បិតា​ទ្រង់ ជា​ចំណែក​ហ៊ុន ៣៥% នៃ​ក្រុមហ៊ុន​បណ្ដាក់ទុន Société Nationale d‘Investissement។ ក្រៅ​ពី​នេះ ទ្រង់​ក៏​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​ធនាគារ​ដ៏​ធំ​បំផុត​នៅ​​ម៉ារុក​ Attijariwafa ក្រុមហ៊ុន​រ៉ែ Group Managem ក្រុមហ៊ុន​ស្ករ Cosumar និង​ក្រុមហ៊ុន​ទឹក​ដោះ​គោ Centrale Dannone៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;