មក​ដឹង​រឿង​អាស្រូវ​ដែល​ធ្វើ​ឲ្យ​ស្រីស្អាត​បាល់ទះ​កូរ៉េ​២​នាក់​នេះត្រូវ​គេ​ទាត់ចេញ​ពី​ក្រុម!

  • 2021-02-16 22:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាការិនី​កំពុង​ល្បី​២​រូប ហើយ​ក៏​ត្រូវ​​ជា​បងប្អូន​ភ្លោះ​នឹង​​គ្នា​​នោះ​គឺ Lee Jae-yeong និង Lee Da-yeong ត្រូវ​​បាន​ក្លឹប​បាល់ទះ​របស់​ខ្លួន​សម្រេច​បញ្ឈប់​អាជីព​​ភ្លាមៗ ក្រោយ​កើត​មាន​​ព័ត៌មាន​​អាស្រូវ​ពាក់ព័ន្ធ​នឹង​រឿង​ហេតុ​​នៅ​សាលា​រៀន​កាល​ពី​១០​ឆ្នាំ​មុន។

ស្រី​ស្អាត​កូរ៉េ​ខាង​ត្បូង​​២​នាក់​បងប្អូន បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិត​ជា​ធ្លាប់​គំរាម​កំហែង​មិត្ត​រួម​ថ្នាក់​ប្រាកដ​មែន កាល​ពី​នៅ​រៀន​​អនុវិទ្យាល័យ ហើយ​ពួក​គេ​​ក៏​បាន​ធ្វើ​ការ​សូមទោស​​ទៅ​ជន​រងគ្រោះ​​ទាំង​នោះ​ផង​ដែរ។ ត្បិត​មាន​ការ​សារភាព និង​ការ​សូមទោស​ពី​កីឡាការិនី​វ័យ​២៥​ឆ្នាំ​ទាំង​២​រូប ក៏​ក្លឹប​បាល់ទះ Heungkuk Life Insurance Pink Spiders នៅ​តែ​មិន​ផ្លាស់ប្ដូរ​​​​គំនិត​បណ្ដេញ​​ Jae-yeong និង Da-yeong ដដែល។

"យើង​មាន​អារម្មណ៍​ថា​​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្ពស់​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​​​​កីឡា​បាល់ទះ ដែល​យើង​បាន​ធ្វើ​ឲ្យ​រាល់​គ្នា​ខក​ចិត្ត។ ការ​សម្លុត​ធ្វើ​បាប​​នៅ​ក្នុង​ចំណោម​អត្តពលិក​សិស្ស​សាលា​មិន​ត្រូវ​កើត​មាន​ឡើយ ហើយ​ក៏​មិន​អាច​អត់ឱន​ទោស​ឲ្យ​បាន​ទេ​ ទោះ​ស្ថិត​នៅ​ក្រោម​កាលៈទេសៈ​​ណា​ក៏​ដោយ។ ព្រោះ​មើល​ឃើញ​​ស្ថានភាព​មាន​លក្ខណៈ​ធ្ងន់ធ្ងរ យើង​បាន​​សម្រេច​ហាម​ឃាត់​​អត្តពលិក​២​នាក់​នេះ​ដោយ​គ្មាន​កាល​កំណត់" នេះ​ជា​សារ​របស់​ Pink Spiders ​ដែល​ជា​ក្លឹប​កំពុង​ឈរ​នៅ​លីគ​ទី​៥​​នៃ​កីឡា​បាល់ទះ​កូរ៉េ​ខាង​ត្បូង។

មាន​ជន​រងគ្រោះ​​៤​នាក់ ដែល​ហ៊ាន​ចេញ​មក​ចោទ​ប្រកាន់​​កីឡាការិនី​​​ទាំង​២​​អំពី​ការ​វាយ​ប្រហារ​ទាំង​ផ្នែក​សម្ដី និង​ហិង្សា​រាងកាយ ដូចជា ការ​ដាល់​មុខ គំរាម​ដោយ​ប្រើ​កាំបិត ហើយ​​ចាប់​បង្ខំ​យក​លុយ​គេ ជា​ដើម។

Jae-yeong បាន​សរសេរ​រៀបរាប់​លើ​បណ្ដាញ​សង្គម​ថា "ខ្ញុំ​បាន​ធ្វើ​បាប​មនុស្ស​ជា​ច្រើន ព្រោះ​តែ​អាកប្បកិរិយា​គ្មាន​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ​កាល​ពី​មុន នៅ​ពេល​ដែល​ខ្ញុំ​​មិន​ទាន់​ដឹង​ក្ដី។ ខ្ញុំ​ពិត​ជា​សូមទោស​ដោយ​ស្មោះត្រង់​ទៅ​កាន់​អ្នក​ដែល​ធ្លាប់​ឈឺចាប់​ព្រោះ​ទង្វើ​​ខុស​ឆ្គង់​របស់​​ខ្ញុំ​កន្លង​មក​នៅ​សាលា​រៀន"។ ចំណែក Da-yeong វិញ បាន​ប្រាប់​ថា "ប្រសិន​បើ​ជន​រងគ្រោះ​អនុញ្ញាត ខ្ញុំ​នឹង​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ​ដោយ​ផ្ទាល់ ហើយ​ធ្វើ​ការ​សូមទោស"៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;