ដឹង​ហើយ​លទ្ធផល​សម្រេចបាន​នៃការ​សង់ផ្លូវជាតិ​លេខ៣ និងផ្លូវជាតិ​លេខ៥ ដែល​ពង្រីកដល់ ៤គន្លង

  • 2021-02-18 02:39:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា គម្រោង​​សាងសង់ផ្លូវជាតិលេខ៣ ពីភ្នំពេញ-បែកគូស (៤គន្លង) និងពីបែកគូស-កំពត (ពង្រីកទទឹងផ្លូវដល់ ១២ម៉ែត្រ) សម្រេច​បាន​ ៨៧%ហើយ។ នេះបើយោងតាមរបាយការណ៍​ដែលបង្ហាញ​ក្នុង​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២១។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
សូមជម្រាបជូនថា គម្រោង​ពង្រីក​និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

បើតាម​របាយការណ៍​ខាងលើដដែល ឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៥ ព្រែកក្តាម-ក្រុងប៉ោយ ប៉ែត ពង្រីកជា ៤គន្លងផ្លូវ ក្នុងនោះ ១-(ព្រែកក្តាម-ធ្លាម្អម) ប្រវែង ១៣៥,២៥គ.ម សម្រេចបាន ៣៥,៦២% ២-(បាត់ដំបង-សិរីសោភ័ណ) ប្រវែង ៨៤,៧៤គ.ម សម្រេចបាន ៨៩,៧៥% និង ៣-(ធ្លាម្អម-បាត់ដំបង)ប្រវែង ១៣៤,២៥គ.ម សម្រេចបាន ២៣,០២% និង (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង ៣៤,៤គ.ម កំពុងជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់។

បើតាម​លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៥ពី​បាត់ដំបង ទៅសិរីសោភ័ណ រំពឹងថានឹង​សម្ពោធដាក់ឱ្យប្រើប្រាស់​នៅក្នុងឆ្នាំ​២០២១នេះ៕

អត្ថបទថ្មី
;